ប៉ូលិសចាប់ខ្លួនឧក្រិដ្ឋជនគ្រឿងញៀនទ្រង់ទ្រាយធំ៣នាក់ រួមនឹងគ្រឿងញៀនជាង ១០២គីឡក្រាម ក្នុងខណ្ឌសែនសុខ និងខណ្ឌចំការមន

ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសរឿងញៀន បានចុះបង្ក្រាបករណីគ្រឿងញៀននៅ២ទីតាំងផ្សេងគ្នាផ្សេងគ្នា ក្នុងខណ្ឌសែនសុខ និងខណ្ឌចំការមន រាជធានីភ្នំពេញ ដោយបានរកឃេីញសារធាតុញៀនទម្ងន់សរុប ១០២គីឡូក្រាម និង៣៥២.២៧ក្រាម និងជនសង្ស័យជាជាតិចិនម្នាក់ ខ្មែរ ២នាក់។ ប្រតិបត្ដិការនេះ អនុវត្តតាមបញ្ជា នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើស គ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៤:១០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៣+ក៤) ដឹកនាំបង្រ្កាបដោយលោកឧត្តមសេនីយ៍ទោ ប្រុញ សាន នាយករងមន្ទីរ ដោយការសហការពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងកែឆ្នៃដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅចំនួន ២ទីតាំង។ ទីតាំងទី១ ចំណុចមុខសណ្ឋគារជែឡឹកហ៊យាន ជាន់ទី០៧ បន្ទប់លេខប៊ី៧១១ ផ្លូវលេខ៣៤៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ភេទស្រី ជនជាតិចិន ចាប់យកវត្ថុតាង សារធាតុញៀនទម្ងន់សរុប ១០២គីឡូក្រាម និង៣៥២.២៧ក្រាម។ ទីតាំងទី២ នៅចំណុចតាមផ្លូវលេខ ៥៩៨ កែង៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ភេទប្រុស ជនជាតិខ្មែរ។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាងគ្រឿងញៀនកំពុងតែរក្សាទុកនិងឃាត់ខ្លួនបណ្តោះអាសន្ននៅមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី៕សួង សាម

You might like

Leave a Reply

Your email address will not be published. Required fields are marked *