មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ ទទួលស្វាគមន៍ប្រតិភូកងបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត ដើម្បីប្រជុំលើកកម្ពស់វិស័យសន្តិសុខ..!!!

ខេត្តបាត់ដំបង៖ ថ្ងៃពុធ ៨រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានស្វាគមន៍ប្រតិភូថៃ ដឹកនាំដោយ ឧត្តមនាវីត្រី ចាក់គ្រីត សាំផាក់វ៉ាក់ថុន នាយសេនាធិការ កងបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត អញ្ជើញប្រជុំដើម្បីលើកកម្ពស់វិស័យសន្តិសុខជាមួយយោធភូមិភាគទី៥ នៃព្រះរាជាណាចក្រកម្ពុជា។ ជំនួសមុខឲ្យ មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ ឧត្តមសេនីយ៍ទោ សេង ធារិន បានសម្តែងនូវមនោសញ្ចេតនានឹករលឹក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មេបញ្ជាការរង និងប្រតិភូទាំងអស់ដែលបានធ្វើដំណើរមកកាន់ ទីបញ្ជាការយោធភូមិភាគទី៥។ ឧត្តមសេនីយ៍ទោ បានបន្តថា ក្នុងកិច្ចប្រជុំនេះជាការរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព សម្ព័ន្ធមេត្រីភាព ដើម្បីជាប្រយោជន៍រួម និងរក្សាបាននូវសន្តិភាព សន្តិសុខ និងស្ថេរភាពនៃភាគីយើងទាំងពីរដែលមានភូមិផងរបងជាមួយគ្នា។ ឧត្តមនាវីត្រី ចាក់គ្រីត សាំផាក់វ៉ាក់ថុន នាយសេនាធិការ កងបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត បានថ្លែងថាលោកពិតជាមានកិត្តិយសយ៉ាងក្រៃលែងចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្កៅពី មេបញ្ជាការរង នាយសេនាធិការ និងប្រតិភូយោធភូមិភាគទី៥ ក្នុងការទទួលបដិសណ្ឋារកិច្ចចំពោះរូបលោក និងប្រតិភូដែលរួមដំណើរមកក្នុងថ្ងៃនេះ។ លោកបានបន្តថា ការធ្វើដំណើរមកប្រជុំនៅទិសយោធភូមិភាគទី៥ ក្នុងថ្ងៃនេះ គឺដើម្បីអភិវឌ្ឍសម្ព័ន្ធមេត្រីភាព និងទំនាក់ទំនងពិភាក្សាការងារគ្រប់យ៉ាងជាមួយគ្នាដែលយោធភូមិភាគទី៥ និងកងបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត ជាអង្គភាពដែលមានតំបន់ទទួលខុសត្រូវតាមបណ្ដោយព្រំដែនជាប់គ្នា ២ ខេត្ត គឺខេត្តច័ន្ទបុរី និងខេត្តត្រាត ដោយសារការទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នានេះហើយ ទើបធ្វើឱ្យបញ្ហានានាដែលកើតឡើងនៅតាមបណ្ដោយព្រំដែននៃខេត្តយើងទាំងពីរត្រូវបានដោះស្រាយដោយរលូន និងជោគជ័យ។ នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់ នាយសេនាធិការ កងបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត ជាមួយយោធភូមិភាគទី៥ ក្នុងថ្ងៃនេះ គឺបង្ហាញឲ្យឃើញនូវភាពស្មោះស្ម័គ្រ និងជាមិត្តភក្តិដ៏ល្អតាំងពីអតីតកាលមកដល់បច្ចុប្បន្ន និងជារៀងរហូតតទៅយើងនឹងឈានទៅមុខជាមួយគ្នាក្រោមកិច្ចសហប្រតិបត្តិការ និងការជឿទុកចិត្តគ្នាទៅវិញទៅមករួមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមព្រំដែននៃប្រទេសយើងទាំងពីរឲ្យរស់នៅដោយភាពសុខសាន្ត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *