ភ្នំពេញ៖ ថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ក្រុមឧក្រិដ្ឋជនពាក់ព័ន្ធករណីរំដោះអ្នកទោស នៅខេត្តសៀមរាប ត្រូវបង្ក្រាបបានចំនួន៦នាក់ហើយ។ បើតាមនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន, មេក្លោងដែលជាអ្នកទោសនោះ មិនត្រូវចាប់ខ្លួនបាននៅឡើយទេ ដោយកម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងស្រាវជ្រាវតាមចាប់បន្ដទៀតយ៉ាងយកចិត្តទុកដាក់។ ឧក្រិដ្ឋជនទាំង៦នាក់ ដែលបង្ក្រាបបាននេះ គឺធ្វើឡើងនៅពីរគោលដៅផ្សេងគ្នា ពោលបង្ក្រាបបាននៅយប់ថ្ងៃទី១៧ ខែសីហា បានចំនួន៤នាក់ នៅខណ្ឌបឹងកេងកង និងចំនួន២នាក់ បង្ក្រាបបាននៅព្រឹកថ្ងៃទី១៨ ខែសីហា នៅសណ្ឋាគារធំមួយកន្លែង នៅក្បែរកោះពេជ្រ។ សូមរំលឹកថា ខ្មាន់កាំភ្លើងមួយក្រុមមានគ្នា៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានតកាណុង បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញមួយកន្លែង។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចគ្លីនិចធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ សេចក្ដីរាយការណ៍ជំហានដំបូង បានឲ្យដឹងថា នៅព្រឹក មន្ដ្រីពន្ធនាគារចំនួន៤នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិនខាងលើ ទៅគ្លីនិចធ្មេញ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ៥នាក់ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធដែលតកាណុង បានភ្ជង់ទៅកាន់មន្ដ្រីពន្ធនាគារ ហើយជនសង្ស័យបានចូលទៅរំដោះអ្នកទោសចេញទៅបាត់។ ពេលធ្វើសកម្មភាពនោះ ក្រុមខ្មាន់កាំភ្លើងបានយកខ្សែរូតចងរឹតដៃមន្ដ្រីពន្ធនាគារ ចំនួន៤នាក់ថែមទៀត។ ក្រោយរំដោះក្រុមខ្មាន់កាំភ្លើង បានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពណ៌ផ្សេងបារី ពាក់ផ្លាកលេខភ្នំពេញ2AA-4315 គេចខ្លួនបាត់ស្រមោល។ រំលងបានប៉ុន្មានម៉ោងក្រោយ រថយន្ដដែលជិះធ្វើសកម្មភាពនោះ ត្រូវបានគេប្រទះឃើញយកទៅផ្លុងចោល។ ក្នុងនោះសមត្ថកិច្ចជំនាញប្រទះឃើញ កាំភ្លើងខ្លីចំនួន៥ដើម និងសម្ភារមួយចំនួនទៀត។ លោក ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថា ពិរុទ្ធជនឈ្មោះ Chen hsin han អាយុ៤៥ឆ្នាំជនជាតិចិន ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន ដែលចំនួនទោសជាង៥០ឆ្នាំ៕
You might like
ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃ ចំនួន ៣វត្ត ក្នុងក្រុងប៉ៃលិន នាឱកាសបិណ្ឌវេនទី៤..!?
22/09/2024
1 Likes
3
អ្នកនាំពាក្យឯកឧត្តម ស សុខា ផ្ញើសារប្រកបដោយក្ដីសង្ឃឹមជូនឪពុកម្ដាយសពកុមារី២រូបស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
19/09/2024
17 Likes
7
ជនសង្សយ័ ម្នាក់ ជាមុខសញ្ញា កំហែងយក ទ្រព្យសម្បត្តិអ្នកដទៃ ត្រូវបាន កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ស្រាវជ្រាវបង្រ្កាបបានភ្លាមៗ យកមកអនុវត្តតាមនីតិវិធី
18/09/2024
10 Likes
10