ភ្នំពេញ ៖ នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់អគ្គនាយក អគ្គនាយករង និងថ្នាក់ប្រធាននាយកដ្ឋាន នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា សមិទ្ធផលចម្បងៗដែលក្រសួងមហាផ្ទៃ ទទួលបានក្រោមការដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង កន្លងមក និងក្រោមមគ្គទេសក៍សម្ដេចតេជោ ហ៊ុន សែន គឺសុទ្ធតែកើតឡើងពីកម្លាំងរួមទាំងអស់។ ដូច្នេះការថែរក្សាសមិទ្ធផលទាំងនេះទៅមុខ ក៏ត្រូវការកម្លាំងរួម។ ដូចគ្នាដែរការសម្រេចបានសមិទ្ធផលថ្មីៗ ចាប់ពីអាណត្តិនេះទៅមុខ ក៏ត្រូវការកម្លាំងរួម មិនអាចខ្វះថ្នាក់ដឹកនាំរូបណាមួយ មន្ត្រីណាម្នាក់ រាប់ចាប់តាំងពីផ្នែកអនាម័យ និងសន្តិសុខ។ ដើម្បីសម្រេចទិសដៅនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានទទូចដល់គ្រប់តួអង្គពាក់ព័ន្ធក្រោមដំបូលក្រសួងមហាផ្ទៃ អនុវត្តជាប្រចាំនូវគោលការណ៍គ្រឹះ ចំនួន ២ចំណុចធំៗ គឺគោលការណ៍ការងារជាក្រុម និងគោលការណ៍ឋានានុក្រមនិងរបៀបរបបការងាររដ្ឋបាល។ ក្នុងនោះឯកឧត្តមអភិសន្តិបណ្ឌិត បានពន្យល់យ៉ាងដូច្នេះថា ៖ ទី១. គោលការណ៍ការងារជាក្រុម គឺយើងទាំងអស់គ្នាត្រូវចាត់ទុកថាជាសមាជិកគ្រួសារក្រសួងមហាផ្ទៃតែមួយ, យើងត្រូវប្រកាន់ខ្ជាប់ទស្សនៈ “រួមគិត រួមធ្វើរួម និងទទួលខុសត្រូវ”, យើងត្រូវរួមសាមគ្គីគ្នាទម្លុះគោលដៅរួមចៀសវាងគិតតែប្រយោជន៍មួយជ្រុងណាមួយ, យើងត្រូវប្រកាន់យកទស្សនៈ “ដើមឈើមួយដើម ទាល់តែខ្ចីដៃគ្នាឱបទើបជុំ”, យើងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ទាំង៤ (មេត្តា ករុណ មុទិតា និងឧបេក្ខា), ជារួមយើងប្រកាន់ខ្ជាប់ និងប្រតិបត្តិឱ្យជាប់នូវ “អភិក្រមកុំបី,គួរបី,គប្បី១” រួមមាន ៖ កុំ៣ គឺកុំឈ្លោះគ្នា កុំប៉ែងជើងគ្នា និងកុំច្រណែនគ្នា។ គួរ៣ គឺគួរស្រឡាញ់និងសាមគ្គីគ្នា គួរជ្រោមជ្រែកគ្នា និងគួរសាទរគ្នា។ គប្បី១ គឺគប្បីចាប់ដៃគ្នាឱបដើមឈើមហាផ្ទៃ ឱ្យជុំទើបមានជោគជ័យជានិរន្តន៍។ ទី២. គោលការណ៍ឋានានុក្រម និងរបៀបរបបការងាររដ្ឋបាល គឺបំពេញភារកិច្ចដោយគោរពគ្នាតាមឋានន្តរស័ក្តិនិងតាមមុខតំណែង, បំពេញភារកិច្ចដោយគោរពតាមរចនាសម្ព័ន្ធអង្គភាពចៀសវាងការផ្លោះរំលង, ទាំងការឆ្លងយោបល់ផ្ទាល់មាត់និងជាពិសេសចរន្តលិខិតស្នាមត្រូវតែធ្វើតាមឋានានុក្រម, ជាពិសេស រាល់ការស្នើដំឡើងឋានន្តរស័ក្តិ មុខតំណែង ត្រូវធ្វើតាមឋានានុក្រម ពោលគឺ ត្រូវឆ្លងកាត់អគ្គនាយកដ្ឋានធនធានមនុស្ស ដែលទើបបង្កើតថ្មី, តាមអង្គភាពគួររៀបចំធ្វើគំនូសបំព្រួញការងាររដ្ឋបាល(SOP) តាមឋានានុក្រម ពីទាបទៅខ្ពស់តាមលំដាប់លំដោយហើយអនុវត្តតាមលំហូរតែមួយ ពន្យល់មន្ត្រី និងដាក់តាំងបង្ហាញឱ្យបានមើលឃើញទាំងអស់គ្នា, កំណត់របបប្រជុំតាមអង្គភាពនីមួយៗ ប្រចាំសប្ដាហ៍ ប្រចាំខែ ប្រចាំត្រីមាស… ហើយគ្រប់កម្រិត នៃអង្គការចាត់តាំងត្រូវធ្វើរបាយការណ៍ស្ដីពីលទ្ធផលការងារជាប្រចាំសប្ដាហ៍ ខែ ត្រីមាស…ផងដែរ, គប្បីបែងចែកការងារនិងប្រគល់ភារកិច្ចឱ្យមន្ត្រីចូលរួមបំពេញឱ្យបានគ្រប់ៗគ្នា ដោយអ្នកទទួលភារកិច្ច ចាំបាច់ត្រូវអនុវត្ត ដោយពុំគិតថាការងារនោះ ចូលចិត្ត ឬមិនចូលចិត្តនោះឡើយ។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ក្នុងអង្គពិធីទៀតថា “បន្ថែមលើអ្វីដែលខ្ញុំបានលើកឡើងខាងលើ ដើម្បីឱ្យការងារជាក្រុមជោគជ័យ យើងត្រូវមានភាពស្មោះត្រង់ លះបង់ គោរពវិន័យ កុំមើលបំណាំគ្នា កុំប្រចាំគ្នា កុំសង្ស័យគ្នា ចេះអត់ឱនយោគយល់គ្នា ពេលខ្លះក៏ចេះធ្វើថ្លង់ ធ្វើគរ ធ្វើខ្វាក់ខ្លះ តែក៏ត្រូវចេះជួយកែលម្អគ្នា”។ ជាថ្មីម្ដងទៀតឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានលើកឡើងនូវទិសដៅចម្បងៗទាំង ៦ចំណុច ដែលក្រសួងមហាផ្ទៃ ពោលគឺមន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រូវស្រាក់ដៃគ្នាធ្វើឱ្យសម្រេចបាន រួមមាន ៖ ទី១. បញ្ហាគ្រឿងញៀន ទី២. បញ្ហាចរាចរណ៍ ទី៣. បញ្ហាចោរកម្មនិងបទល្មើសព្រហ្មទណ្ឌផ្សេងៗ ទី៤. បញ្ហាក្រុមក្មេងទំនើង ទី៥. បញ្ហាជួញដូរមនុស្សគ្រប់ប្រភេទ និងទី៦. បញ្ហាតាមបណ្ដោយព្រំដែនទាំងគោគនិងទឹក។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ដែរថា ខ្ញុំសូមបញ្ជាក់ជូនដោយស្មោះថា ខ្ញុំមកទីនេះ ពុំមែនមកដើម្បីដាក់សម្ពាធណាមួយលើមន្ត្រី ទាំងផ្នែកស៊ីវិល នគរបាល និងពន្ធនាគារនោះទេ។ វត្តមានរបស់ខ្ញុំ ដើម្បីរួមគ្នាជាមួយមន្ត្រីទាំងអស់ ក្នុងទិសដៅជិះទូកតែមួយ ធ្វើឱ្យក្រសួងមហាផ្ទៃ កាន់តែមានកិត្យានុភាព រីកចម្រើន និងរឹងមាំ បានជាឧត្ដមប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល៕
You might like
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការរៀបចំសោភ័ណភាព និងអនាម័យបរិស្ថាន នៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ នាឱកាសបុណ្យចូលឆ្នាំសកល
23/12/2024
2 Likes
4
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ ……
23/12/2024
4 Likes
4
មន្រ្តីនគរបាលបាត់ដំបងបន្តសហការសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍នៅតាមសាលារៀនសម្រាប់សិស្សានុសិស្សតូចៗឆ្លងកាត់នៅក្នុងមូលដ្ឋាន..!?
19/12/2024
6 Likes
10
សមត្ថកិច្ចនគរបាលបាត់ដំបងឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន ០៦នាក់ចាត់វិធានការតាមផ្លូវច្បាប់ក្នុងករណីធ្វើឱ្យខូចខាតដោយចេតនា មានស្ថាន{ទម្ងន់ទោស}នៅស្រុកសង្កែ..!?
19/12/2024
6 Likes
10