ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជម្រាបជូនឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា នូវកិច្ចការសំខាន់ៗ ៦ចំណុច ក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អនុញ្ញាតអោយឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម កាលពីរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ។ ជាកិច្ចចាប់ផ្ដើមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បាននាំយកការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជូនចំពោះឯកឧត្តម ឯកអគ្គរាជទូតជប៉ុន។ ឯកឧត្តមអភិសន្តិបណ្ឌិត បានជម្រាបជូនឯកអគ្គរាជទូតជប៉ុន ថា ចាប់តាំងពីទទួលបាននូវការតែងតាំងជាឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នេះជាជំនួបលើកទី១ ហើយរវាង ឯកឧត្តមអភិសន្តិបណ្ឌិត ជាមួយឯកអគ្គរាជទូតបរទេស។ ជាការឆ្លើយតបឯកឧត្តម ឯកអគ្គរាជទូតជប៉ុន បានចូលរួមអបអរសាទរចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលត្រូវបានតែងតាំងជា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងថ្លែងអំណរគុណចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ដែលបានចំណាយពេលវេលាដ៏មមាញឹក ទទួលជួបឯកឧត្តម និងគណៈប្រតិភូ ហើយឯកឧត្តម ពិតជាមានសេចក្ដីរីករាយ ក្នុងនាមជាឯកអគ្គរាជទូតទី១ ដែលបានចូលជួបសម្ដែងការគួរសមចំពោះឯកឧត្តមអភិសន្តិបណ្ឌិត។ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន បានយកឱកាសនេះជម្រាបជូនឯកឧត្តមអភិសន្តិបណ្ឌិត ថា កន្លងមក សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ដល់ការគាំទ្រជាច្រើន ជាពិសេសនៅក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន-កម្ពុជា។ ឯកឧត្តមសង្ឃឹមថា ការលើកកម្ពស់ទំនាក់ទំនងជិតស្និត នឹងនៅតែបន្តជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងអាណត្តិបន្ដនេះផងដែរ។ បន្ថែមពីនេះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានជម្រាបជូនឯកឧត្តម ឯកអគ្គរាជទូតជប៉ុន ថា ទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន បានបន្ដវិវត្តន៍យ៉ាងល្អប្រសើរឥតឈប់ឈរ ជាពិសេសក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ហើយពិសេសទៀតនោះ គឺនៅក្នុងឆ្នាំនេះ គឺជាខួបទី ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយក៏ជាពេលវេលាប្រទេសទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដែលជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមគាំទ្រដល់កិច្ចការផ្សេងៗទៀត តួយ៉ាង ការងាររៀបចំការបោះឆ្នោត ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស នៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិសន្ដិបណ្ឌិត ក៏បានជម្រាបជូន ឯកឧត្តមឯកអគ្គរាជទូតជប៉ុន នូវការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសកិច្ចការសំខាន់ៗដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ចំនួន ៦ រួមមាន ៖ ទី១. ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ទី២. ការពង្រឹងនូវសមត្ថភាពចរាចរណ៍ ទី៣. ការទប់ស្កាត់នូវអំពើចោរកម្ម និងអំពើល្មើសផ្សេងៗ ទី៤. ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ទី៥. ការកេងប្រវ័ញ្ចផ្លូវភេទ និងទី៦. ការពង្រឹងការគ្រប់គ្រងសុវត្ថិភាព និងការពារតាមព្រំដែន។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានជម្រាបជូនឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ថា រាជរដ្ឋាភិបាលជប៉ុន ក៏បានផ្តោតការយកចិត្តទុកដាក់ចំពោះយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណាផ្សារភ្ជាប់អ្វីដែលជាការគាំទ្រពីសំណាក់រដ្ឋាភិបាល និងប្រជាជនជប៉ុន មកលើយុទ្ធសាស្ត្រ និងគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន បន្តទៀតថា កិច្ចការដែលក្រសួងមហាផ្ទៃ បានផ្តោតក៏ស្របទៅនឹងកិច្ចការសមត្ថកិច្ចរបស់នគរបាលជប៉ុន ដែលកិច្ចការនេះ នឹងចូលរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់ នៃប្រទេសទាំងពីរ។ សូមជម្រាបជូនដែរថា នៅក្នុងជំនួបនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា ក៏បានពិភាក្សា ព្រមទាំងផ្លាស់ប្តូរយោបល់លើកិច្ចការងារមួយចំនួនទៀត ដូចជា ៖ ការបណ្តុះបណ្តាលធនធានមនុស្ស នៃព្រះរាជាណាចក្រកម្ពុជា ការលើកម្ពស់ការផ្តល់សេវាក្នុងពន្ធនាគារ និងការជំរុញ និងការអភិវឌ្ឍទីក្រុងឆ្លាតវៃ ស្របតាមបរិបទនៃការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល៕
You might like
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការរៀបចំសោភ័ណភាព និងអនាម័យបរិស្ថាន នៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ នាឱកាសបុណ្យចូលឆ្នាំសកល
23/12/2024
2 Likes
4
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ ……
23/12/2024
4 Likes
4
មន្រ្តីនគរបាលបាត់ដំបងបន្តសហការសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍នៅតាមសាលារៀនសម្រាប់សិស្សានុសិស្សតូចៗឆ្លងកាត់នៅក្នុងមូលដ្ឋាន..!?
19/12/2024
6 Likes
10
សមត្ថកិច្ចនគរបាលបាត់ដំបងឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន ០៦នាក់ចាត់វិធានការតាមផ្លូវច្បាប់ក្នុងករណីធ្វើឱ្យខូចខាតដោយចេតនា មានស្ថាន{ទម្ងន់ទោស}នៅស្រុកសង្កែ..!?
19/12/2024
6 Likes
10