សៀមរាប ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងផ្តាំផ្ញើ ៥ចំណុច ទៅកាន់អភិបាលខេត្តសៀមរាប ដែលទើបនឹងប្រកាសតែងតាំងថ្មី។ ការថ្លែងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តសៀមរាប នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាខេត្តសៀមរាប។ ប្រសាសន៍ផ្តាំផ្ញើទាំង ៥ចំណុច របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទៅកាន់អភិបាលខេត្តសៀមរាប ដែលទើបនឹងប្រកាសតែងតាំងថ្មី នាឱកាសនោះរួមមាន ៖ ទី១. ការបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ – គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញនូវវិធានការនានា សំដៅទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់សកម្មភាពប៉ុនប៉ង បង្កឱ្យមានភាពចលាចលវឹកវរ និងអសន្តិសុខក្នុងសង្គម។ – ត្រូវខិតខំស្រាវជ្រាវ និងបង្ក្រាបបទល្មើសលួចប្លន់ គ្រឿងញៀន អំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ឱ្យបានសកម្មផុលផុសនៅគ្រប់មូលដ្ឋាន ដោយបំផុសចលនាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅតាមមូលដ្ឋាននីមួយៗ ឱ្យចូលរួមសហការជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច។ – បន្តយុទ្ធនាការពង្រឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ជើងគោក ឱ្យបានសកម្មផុលផុសជាប់ជាប្រចាំ សំដៅកាត់បន្ថយបន្ថែមទៀតនូវគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន និងធនធាននានាក្នុងសង្គម។ ទី២. ការលើកកម្ពស់ និងវិស័យជំរុញទេសចរណ៍ក្នុងខេត្ត – ខេត្តសៀមរាប គឺជាខេត្តមួយ ដ៏មានសក្តានុពល សម្រាប់អភិវឌ្ឍវិស័យ ទេសចរណ៍ រួមមាន ៖ ទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិដ៏សំខាន់របស់ជាតិ និងជាប៉ូលសេដ្ឋកិច្ចមួយ ក្នុងចំណោមប៉ូលសេដ្ឋកិច្ចសំខាន់ៗទាំងបីសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ ហេតុដូច្នេះអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាបទាំងមូល ត្រូវរួមសហការគ្នាថែរក្សាអោយបានគត់មត់នូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ កែលម្អសោភ័ណភាព អនាម័យ និងការថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ សំដៅធ្វើការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយចីរភាព។ – ជាមួយគ្នានេះ ត្រូវបន្តខិតខំកៀរគរ និងលើកទឹកចិត្តដល់ការវិនិយោគសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ កសិឧស្សាហកម្ម និងសហគ្រាសធុនតូច មធ្យម សម្រាប់បង្កើតឱកាសការងារនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមចំណែកបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម មានការរីកចំរើនប្រកបដោយចីរភាព និងបរិយាប័ន្ន។ – អាជ្ញាធរ មន្ទីរជំនាញ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំយុទ្ធនាការ និងរៀបចំព្រឹត្តការណ៍នានាដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ជាពិសេសត្រូវធ្វើឱ្យភ្ញៀវទេសចរ មានទំនុកចិត្តទៅលើគុណភាព នៃសេវាកម្មស្នាក់នៅ ម្ហូបអាហារ មធ្យោបាយធ្វើដំណើរ និងទប់ស្កាត់ការបន្លំបោកប្រាស់ រួមមាន ៖ ការប្រើក្រដាស់ប្រាក់ក្លែងក្លាយ និងវត្ថុអនុស្សាវរីយ៍គ្មានគុណភាព ។ តាមទិន្នន័យទេសចរឆមាសទី១ ឆ្នាំ២០២៣ បានបង្ហាញថាប្រទេសកម្ពុជាយើង បានទទួលភ្ញៀវទេសចរអន្តរជាតិ ត្រឹមតែ ២.១៦លាននាក់ ប៉ុន្តែប្រទេសថៃ ទទួលបានចំនួនភ្ញៀវអន្តរជាតិ ប្រមាណជា ១៥លាននាក់ និងប្រទេសវៀតណាម ទទួលបានប្រមាណជា ៥.៥លាននាក់។ ទី៣. អំពីការផ្តល់សេវាសាធារណៈ – កន្លងមកក្រសួងមហាផ្ទៃ បានសហការសម្របសម្រួល ជាមួយក្រសួង ស្ថាប័ននានា រៀបចំដាក់ឲ្យដំណើរការនូវការផ្តល់សេវានៅតាមអង្គភាព និងការិយាល័យច្រកចេញចូលតែមួយនៅគ្រប់រាជធានីខេត្ត និងក្រុងស្រុក ខណ្ឌទូទាំងប្រទេស ព្រមទាំងបានដាក់ឲ្យដំណើរការនូវយន្តការច្រកចេញចូលតែមួយនៅថ្នាក់ឃុំ សង្កាត់ ដើម្បីធានាផ្តល់សេវាជូនប្រជាជន ឱ្យកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។ – រដ្ឋបាលខេត្ត ត្រូវដឹកនាំសម្របសម្រួលជាមួយនឹងមន្ទីរ អង្គភាពពាក់ព័ន្ធដើម្បីពន្លឿនការផ្ទេរសេវានានាដែលនៅសេសសល់ មកឱ្យអង្គភាពច្រកចេញចូលតែមួយ និងលើកកម្ពស់ ការបណ្តុះបណ្តាល កសាងសមត្ថភាពដល់មន្ត្រីដែលបំពេញការងារនៅតាមយន្តការច្រកចេញចូល តែមួយ អោយបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។ – ទន្ទឹមនេះរដ្ឋបាលខេត្ត ត្រូវយកចិត្តទុកដាក់ដោះស្រាយសំណើ សំណូមពរ បណ្តឹង និងការទាមទារតវ៉ានានារបស់ប្រជាពលរដ្ឋ ដោយត្រូវចាត់តាំងមន្រ្តី ដើម្បីសហការរៀបចំវេទិកាសាធារណៈជាមួយប្រជាជន។
ទី៤. អំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ – ត្រូវរៀបចំផែនការសកម្មភាព និងថវិកា ដើម្បីចូលរួមគាំទ្រដល់ការអនុវត្តផែនការអនុវត្ត រយៈពេល ៥ឆ្នាំ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ឆ្នាំ២០២១-២០២៣ ដើម្បីចូលរួមសម្រេចឱ្យបានក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ – ត្រូវពង្រឹងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស ព្រមទាំងការដឹកនាំការទទួលខុសត្រូវរបស់ខ្លួន ក្នុងការអនុវត្តមុខងារ និងធនធាន ដែលបានផ្ទេរកាន់តែច្រើនឡើងៗពីក្រសួង ស្ថាប័ន ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ – ពាក់ព័ន្ធនឹងការអនុវត្តមូលនិធិក្រុង ស្រុក ឃុំ សង្កាត់ សម្រាប់ថេរវេលាពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។ អាស្រ័យហេតុនេះរដ្ឋបាលខេត្ត ត្រូវពង្រឹងយន្តការតាមដាន ការត្រួតពិនិត្យ ការវាយតម្លៃ និងការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីធានាដល់ការចាត់ចែង ប្រើប្រាស់ថវិការដ្ឋ ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់នីមួយៗ អនុវត្តបានត្រឹមត្រូវស្របតាមគោលការណ៍ និងនីតិវិធី។ – ចំពោះការផ្ទេរមុខងារក្នុងវិស័យអប់រំ៖ ផ្អែកលើបទពិសោធ និងលទ្ធផលជោគជ័យ នៃការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារក្នុងវិស័យអប់រំ ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក នៃខេត្តបាត់ដំបង នាពេលកន្លងមក រាជរដ្ឋាភិបាល បានសម្រេចដាក់ចេញអនុក្រឹត្យលេខ ២១៣ អនក្រ.បក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ។ ដូច្នេះសូមស្នើឱ្យរដ្ឋបាលខេត្ត បន្តជួយផ្តល់ការគាំទ្រ និងតាមដាន ត្រូតពិនិត្យក្នុងការអនុវត្តមុខងារនេះ ឱ្យបានសកម្ម និងម៉ត់ចត់បំផុត។ ទី៥. ការដឹកនាំ គ្រប់គ្រង និងរបៀបរបបការងាររបស់រដ្ឋបាល ខេត្ត – ការដឹកនាំ និងការគ្រប់គ្រងរដ្ឋបាលខេត្ត ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត មានតួអង្គសំខាន់ ២ គឺក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ។ ក្នុងនោះ ៖ – ជាគោលការណ៍ ក្រុមប្រឹក្សាមានសិទ្ធិអំណាច និងតួនាទីជាចម្បង ក្នុងការរៀបចំ និងអនុម័តនូវគោលនយោបាយ ផែនការ ថវិកា និងការតាមដាន ត្រួតពិនិត្យ វាយតម្លៃលើការបំពេញការងាររបស់គណៈអភិបាល។ ក្រុមប្រឹក្សា អនុវត្តការងាររបស់ខ្លួនឆ្លងតាមកិច្ចប្រជុំសាមញ្ញជាទៀងទាត់ និងកិច្ចប្រជុំវិសាមញ្ញតាមការចាំបាច់ ព្រមទាំងការជួបប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋដើម្បីស្វែងយល់ និងទទួលយកសំណើសំណូម ពរ និងមតិយោបល់នានារបស់ពលរដ្ឋ ដើម្បីដោះស្រាយក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត។ – ទន្ទឹមនឹងការអនុវត្តនូវតួនាទីជាតំណាងអោយក្រុមប្រឹក្សារបស់ខ្លួន គណៈអភិបាល មានតួនាទីជាតំណាងឱ្យរាជរដ្ឋាភិបាល និងក្រសួងស្ថាប័ននានា ក្នុងការអនុវត្តមុខងារនានា ដែលបានធ្វើប្រតិភូកម្មអោយ ដូចជា ៖ ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការតែងតាំងផ្លាស់ប្តូរមន្ត្រី នៃមន្ទីរ អង្គភាពជំនាញខ្សែបណ្តោយរបស់ក្រសួង ស្ថាប័ន និងការណែនាំតម្រង់ទិសដល់មន្ទីរជំនាញ ជាដើម។ – ដើម្បីសម្រេចបាននូវកិច្ចការសំខាន់ៗខាងលើ ថ្នាក់ដឹកនាំគ្រប់ថ្នាក់ នៃរដ្ឋបាលខេត្ត ត្រូវពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ សាមគ្គី ភាព ឯកភាពផ្ទៃក្នុងអោយបានល្អ ក្នុងនោះប្រធានក្រុមប្រឹក្សា និងអភិបាល ត្រូវធ្វើជាស្នូលក្នុងការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ក្នុងរដ្ឋបាលរបស់ខ្លួនស្របតាមច្បាប់ និងលិខិតបទដ្ឋាននានាជាធរ-មាន។ – ត្រូវខិតខំ ធ្វើការបណ្តុះបណ្តាល កសាងសមត្ថភាពដល់មន្ត្រី រាជការគ្រប់លំដាប់ថ្នាក់ នៃខេត្តសៀមរាប និងជំរុញលើកទឹកចិត្តមន្ត្រី អោយចូលរួមក្នុងការអភិវឌ្ឍសមត្ថភាព ពិសេសសមត្ថភាពជំនាញព័ត៌មានវិទ្យា និងឌីជីថល ដើម្បី ឈោងចាប់យកបច្ចេកវិទ្យាទំនើបៗក្នុងការ អនុវត្តការងារឲ្យកាន់តែឆាប់រហ័សនិងមានប្រសិទ្ធភាពខ្ពស់៕