លោកជំទាវ អភិបាលខេត្តប៉ៃលិនក្នុងប្រកាសផ្តល់រង្វាន់លើកទឹកចិត្ត សម្រាប់សិស្សានុសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេសល្អ

ប៉ៃលិន៖ ដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុង ឆ្នាំ សិក្សា២០២២-២០២៣នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា ខេត្តប៉ៃលិន បានប្រកាសផ្តល់រង្វាន់ម៉ូតូ ១គ្រឿង ដល់សិស្សដែលអាចប្រឡងដណ្តើមយកបាននិទ្ទេស A នៅក្នុងឆ្នាំ ២០២៣ នេះ និងបន្តផ្តល់អាហារូបករណ៍ សម្រាប់សិស្ស ក្រីក្រ ចង់បន្តការ សិក្សានៅឧត្តមសិក្សា ព្រមទាំង គ្រោង រៀបចំ បណ្ណាល័យ សាធារណៈ ដើម្បីលើកកម្ពស់គុណភាពវិស័យ អប់រំ នៅក្នុងខេត្ត ។

ការលើកឡើងបែបនេះ ក្នុងឱកាសដែលលោកជំទាវ បាន ស្រីមុំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ បំប៉នត្រៀមប្រលងមធ្យមសិក្សាទុតិយភូមិ ថ្នាក់ទី១២ ឆ្នាំសិក្សា ២០២២-២០២៣ ដែលរៀបចំ និងឧបត្ថម្ភ ដោយ សហភាព សហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន នៅសាលប្រជុំរោងកុន នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយមាន វត្តមានចូលរួមពីសំណាក់ ថ្នាក់ ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាបេក្ខជន ត្រៀមប្រឡងផងដែរ ។

លោកជំទាវ បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍ លើក ឡើង ថា៖ ដោយមានការឧបត្ថម្ភ គាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងមានការគាំទ្រពីដៃគូ អភិវឌ្ឍន៍ នានាផងនោះ សាលារៀនត្រូវបានសាងសង់តាំង ពីទីប្រជុំជន រហូតដល់តំបន់ដាច់ស្រយាល ដោយ បានធ្វើអោយវិស័យអប់រំ យុវជន និង កីឡា នៅខេត្តប៉ៃលិន មានការរីក ចំរើនទំាងបរិមាណ និងគុណភាព ចាប់ពីមេត្តេយ្យសិក្សា ការអប់រំកុមារតូចតាម សហគមន៍ ការអប់រំនៅបឋមសិក្សា និង មធ្យមសិក្សា ដែលបានផ្តល់ឱកាសអោយកូនចៅប្រជាពលរដ្ឋ បានសិក្សារៀន សូត្រ គ្រប់កំរិត និងទទួលបានចំណេះដឹង មក ចូលរួមអភិវឌ្ឍន៍ខេត្តប៉ៃលិន អោយបានរីកចំរើនឡើងបន្ថែមទៀត ។

លោកជំទាវ ប្រធាន ក៍បានបានមានប្រសាសន៍ផ្តាំផ្ញើដល់ ប្អូនៗក្មួយៗ សិស្សានុសិស្សទាំងអស់ ត្រូវ ជៀសអោយឆ្ងាយពីអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម ជាពិសេសគ្រឿងញៀន ដោយត្រូវខិត ខំយកចិត្ត ទុកដាក់ក្នុងការ សិក្សា និងក្រេបយកចំណេះដឹងពីព្រឹទ្ធាចារ្យ លោកគ្រូ-អ្នកគ្រូ ដែលគាត់បង្ហាត់បង្រៀន យើង ហើយត្រូវ យកចំណេះដឹង ទាំង នេះ ទៅបង្កើនសមត្ថភាពខ្លួនឯងបន្ថែមទៀត ដើម្បីទទួលបានជោគជ័យក្នុងការ ប្រឡង មធ្យមសិក្សា ទុតិយភូមិនាពេល ខាងមុខ ហើយក្លាយជាទំពាំងស្នងឫស្សី សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិនាថ្ងៃ អនាគត ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត ជាពិសេសសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន ដែលតែងតែចំណាយទាំងកម្លាំងកាយចិត្ត ទាំងថវិកា និងពេលវេលាដ៏មានតម្លៃ ក្នុងការឧបត្ថម្ភគាំទ្រ ឱ្យមានវគ្គ បំប៉ន ត្រៀម ប្រឡង នេះ ឡើង និង សូម ជូនពរដល់សិស្សានុសិស្ស ដែលជាបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២២ ២០២៣ ទាំងអស់ សូមទទួលបានជោគជ័យក្នុងការប្រឡង និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ។

បើតាមរបាយការណ៍របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានឱ្យដឹងថា៖ ការ ប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២២-២០២៣ គឺប្រព្រឹត្តទៅនៅ ថ្ងៃទី ០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ដោយខេត្តប៉ៃលិន ទីតាំងប្រឡងនៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្ត ប៉ៃលិន ដោយមាន បេក្ខជនចូលរួមប្រឡង សរុបចំនួន ៦៥៣នាក់ ស្រី ៣១៣នាក់ ចែកជា ២មណ្ឌល (១-មណ្ឌលថ្នាក់ វិទ្យាសាស្ត្រសង្គម មាន ២១បន្ទប់ មានបេក្ខជន សរុបចំនួន ៥០៨នាក់ ស្រី ២២៣នាក់ ក្នុងនោះបេក្ខជនស្វៃរិនសរុបចំនួន  ៦៨នាក់ ស្រី ៣៣នាក់ និង ២-មណ្ឌលថ្នាក់វិទ្យាសាស្ត្រ មាន ០៦បន្ទប់ មានបេក្ខជន សរុបចំនួន ១៤៥នាក់ ស្រី ៩០នាក់ គ្មានបេក្ខជនស្វៃរិន) ៕ដ,ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *