កំពង់ឆ្នាំង ៖ ក្រោមការចង្អុលបង្ហាញ និងឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងលោកជំទាវ កែ សួនសុភី នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បានអញ្ជើញចុះដាំកូនឈើ ចំនួន ៨០០ដើម នៅទីតាំង ចំនួន ៣ គឺ ទីតាំងទី១. ក្នុងបរិវេណវត្តជីសុវណ្ណ ហៅវត្តក្រោលជី ទីតាំងទី២. ក្នុងបរិវេណសាលាបឋមសិក្សាក្រោលជី និងទីតាំងទី៣. ក្នុងបរិវេណសាលាអនុវិទ្យាល័យក្រោលជី ស្ថិតនៅភូមិក្រោលជី ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ លោកបណ្ឌិត ទូច វណ្ណៈ និងក្រុមការងារ ក៏បាននាំយកសៀវភៅសរសេរ ចំនួន ១ ០០០ក្បាល ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនដល់គណៈគ្រប់គ្រងសាលាបឋមសិក្សាក្រោលជី និងអនុវិទ្យាល័យក្រោលជី សម្រាប់បន្តចែកជូនដល់សិស្សានុសិស្ស ដែលមានជីវភាពខ្វះខាត។
សូមបញ្ជាក់ជូនថា កម្មវិធីដាំកូនឈើ និងប្រគល់អំណោយនេះ រៀបចំដោយសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តកំពង់ឆ្នាំង សហការជាមួយព្រះសង្ឃ គណៈកម្មការ អាចារ្យវត្តក្រោលជី អាជ្ញាធរដែនដី គណៈគ្រប់គ្រងសាលាទាំងពីរ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ឯកឧត្តម លោកជំទាវ ជាទីប្រឹក្សារាជរដ្ឋាភិបាល លោក អ៉ឹម ផង់ អភិបាលរងស្រុកបរិបូណ៌ តំណាងលោក ចេង ចាន់ដូណា អភិបាល នៃគណៈអភិបាលស្រុកបរិបូណ៌ អស់លោក លោកស្រីជាថ្នាក់ដឹកនាំនៃមន្ទីរកិច្ចការនារីខេត្ត អាជ្ញាធរភូមិ ឃុំ ស្រុក គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សជាច្រើននាក់ផងដែរ៕