ស្វាយរៀង៖ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ លោក ចាន់ តារា ត្រូវបានគេរាយការណ៍ថាកំពុងបើកដៃឲ្យក្រុមឈ្មួញដឹកទំនិញចេញចូលដោយសេរី តាមច្រករបៀងដើមស្នាយ ក្នុងភូមិដីថ្មី ឃុំថ្មី ស្រុកកំពុងរោទិ៍ ដែលជាប្រភពហិរញ្ញវត្ថុដ៏សំខាន់របស់មន្ត្រីគយដែលប្រចាំការនៅទីនោះ ដោយទំនិញទាំងអស់មិនចាំបាច់ឆ្លងការត្រួតពិនិត្យអ្វីទេ។
បើតាមប្រភពពីមន្រ្តីដែលប្រចាំការនៅច្រកខាងលើ បានឲ្យដឹងថា ឈ្មួញធំៗជាច្រើននាក់ដែលរកស៊ីនាំចូលទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់នាំចូលទៅប្រទេសវៀតណាម តាមច្រកមួយនេះបានយ៉ាងរលូន ដោយឈ្មួញទាំងនោះ គឺម៉ូយដ៏សំខាន់របស់លោក ចាន់ តារា ដែលកំពុងសាងភាពល្បីល្បាញខាងពុករលួយ ចំណែកប្រធានសាខាគយខេត្តស្វាយរៀង មិនបានចាត់វិធានការទប់ស្កាត់ឡើយ។
គួរឲ្យដឹងថា លោក ចាន់ តារា ត្រូវបានទទួលតំណែងជាមេគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ កាលពីឆ្នាំ២០២០ ហើយរហូតមកដល់ពេលនេះ លោក ចាន់ តារា កំពុងអំណាចប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញបន្ទុក ហើយទំនិញទាំងឡាយណាដែលឆ្លងកាត់ក្នុងដែនសមត្ថកិច្ចរបស់លោក គ្រាន់តែបង់លុយ និងសាហ៊ុយសម្រាប់បុគ្គលលោកគឺរួចជាការស្រេច។
ជាក់ស្ដែងកាលពីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ ក្រុមអ្នកសារព័ត៌មាន បានចុះផ្ដិតយករូបភាពដើម្បីយកមកផ្សាយ ក៏ស្រាប់តែមានជនស៊ីវិលមួយក្រុមដែលគេជួលមកឲ្យជួយធ្វើការ បានបាញ់គ្រាប់ជំពាមកៅស៊ូជាង ១០គ្រាប់ មកលើក្រុមអ្នកសារព័ត៌មាន។ ដោយមើលឃើញសកម្មភាពបែបនេះអ្នកសារព័ត៌មានបានខលទៅលោកអធិការស្រុកកំពង់រោទិ៍ និងលោកមេប៉ុស្តិ៍នៅទីនោះដែរ ហើយលោកបានប្រាប់មកអ្នកសារព័ត៌មានយើងវិញថា ចាំគាត់បញ្ជូនកម្លាំងមក ក៍ប៉ុន្តែមិនឃើញមានចំណាត់ការអ្វីទាំងអស់។
គួរឲ្យដឹងដែរថា បើតាមប្រភពស្និទ្ធនឹងលោក ចាន់ តារា បានឲ្យដឹងថា ប្រសិនបើគ្មានការបើកដៃពីសំណាក់មេសាខាគយខេត្តស្វាយរៀងទេនោះ ក៏លោក ចាន់ តារា មិនអាចប្រព្រឹត្តអំពើពុករលួយតាមរបៀបជិះសេះលែងដៃដូចសព្វថ្ងៃនេះដែរ។
ជុំវិញករណីនេះដែរ អ្នកព័ត៌មានយើងមិនទាន់អាចសុំការបំភ្លឺពីអ្នកពាក់ព័ន្ធបាននៅឡើយទេ អ្នកព័ត៌មានយើង នឹងរង់ចាំរាល់ការឆ្លើយតបពីអ្នកពាក់ព័ន្ធផងដែរ៕