ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំពិធីទូងស្គរ អបអរសាទរ នៃការដាក់បញ្ចូល រមណីយដ្ឋានប្រាសាទកោះកេរ ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក នៅបរិវេណវិមានឯករាជ្យ ខេត្តប៉ៃលិន។
បើតាមប្រភពពីមន្រ្តីសាលាខេត្តប៉ៃលិន បានឱ្យដឹងថា ៖ នៅថ្ងៃដដែលនេះ មានការរៀបចំការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន ដែលធ្វើឡើងនៅវេលាម៉ោង៧ និង០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ ជាពិសេសនៅទូទាំងក្រុងប៉ៃលិន និងស្រុកសាលាក្រៅផងដែរ។
ប្រភពដដែលបានបន្តទៀតថា ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ដែលត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។
ប្រភពបញ្ជាក់ថា លើសពីនេះ ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ត្រូវមានការរៀបចំការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅគ្រប់ទីប្រជុំជនសហគមន៍នៅតាមភូមិយ៉ាងច្រើនកុះករ បញ្ចេញសម្លេងខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការជាប្រវត្តិសាស្ត្រនេះ។ ប្រជាពលរដ្ឋនៅតាមភូមិនីមួយៗ មានការអរសប្បាយយ៉ាងខ្លាំង ខណ:ដែលឃើញសកម្មភាពសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរក្រុង ស្រុក និងសាលាខេត្តប៉ៃលិន បាននាំគ្នា ចូលរួមអបអរសាទរចំពោះបេតិកភ័ណ្ឌវប្បធម៌ពិភពលោកថ្មីនេះ។
សូមបញ្ជាក់ផងដែរថា ៖ បូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិ កភណ្ឌពិភពលោកចំនួន៤ហើយ ក្នុងនោះរួមមាន ៖ តំបន់អង្គរ ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា, ប្រាសាទព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា៕ ដោយ,ស សារឿន