ប៉ៃលិន៖ រសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានប្រគល់ម៉ូតូកង់បី ចំនួន២គ្រឿង ដល់រដ្ឋបាលក្រុងប៉ៃលិន និង រដ្ឋបាលស្រុកសាលាក្រៅ ដើម្បីប្រើប្រាស់ ក្នុងគោលដៅ កែលម្អគុណភាពបរិស្ថាន ការប្រមូល សម្អាត ដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជន យកទៅទុកដាក់ទីលានចាក់សំរាម និងលើកម្ពស់សេវាសម្អាត នៅមូលដ្ឋាន(ភូមិ ឃុំ សង្កាត់)ផងដែរ។
លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ លើកឡើងថា៖ ការផ្ដល់ជូនម៉ូតូកង់បី ដែលជាអំណោយ របស់ឯកឧត្តម អ៉ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស នាពេលនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់បំផុត សម្រាប់ការគាំទ្រ នូវមធ្យោបាយធ្វើការងារ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស អាជ្ញាធរ ក្រុង ស្រុក ទាំងអស់តែម្ដង ដើម្បីរៀបចំផែនការប្រមូលសំរាម ឱ្យបានច្បាស់លាស់ និងប្រើប្រាស់ សម្រាប់ការងារ ឱ្យអស់លទ្ធភាព ផ្ដោតសំខាន់លើគោលដៅ ក៏ដូចជាទីតាំង ដែលប្រឈមក្នុងការប្រមូល និងការរក្សាទុក ការគ្រប់គ្រងសំរាម សំណល់រឹង នៅតាមទីប្រជុំជននីមួយៗ ដើម្បីធ្វើឱ្យមូលដ្ឋានមានសោភ័ណ្ឌភាព និងទទួលបាននូវលទ្ធផលល្អប្រសើរឡើងផងដែរ។
ជាមួយគ្នានោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ក៏បានស្នើសុំ ដល់អង្គភាពដែលបានទទួល ម៉ូតូកង់បី ត្រូវចេះថែរក្សាសម្ភារទាំងនោះ ដោយធ្វើយ៉ាងណាប្រើប្រាស់ ឱ្យបានគង់វង្ស និងយូរអង្វែង ។លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៏បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន សូមនាំគ្នាជួយថែរក្សាបរិស្ថានទាំងអស់គ្នា គឺដើម្បីខេត្តយើងស្រុកយើង បើកាលណា បរិស្ថានស្អាត សុខភាពក៏ល្អគ្រប់គ្នា ហើយបរិស្ថានស្អាត វាអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ចូលមកកំសាន្តស្រុកខេត្ត បានច្រើន ហើយអាចកាត់បន្ថយភាពក្រីក្របងប្អូន បានមួយកម្រិត នៅពេលមានភ្ញៀវជាតិ និងអន្តរជាតិ ដំណើរកំសាន្តបានច្រើន ហេតុដូច្នេះសូមបងប្អូននាំគ្នា ចូលរួមថែរក្សាបរិស្ថាន ដើម្បី ទីក្រុងស្អាត រម្មណីយដ្ឋានស្អាត សេវ៉ាល្អផងដែរ។
ជាការថ្លែងអំណរគុណលោក លី សុងហ៊ី អភិបាលក្រុងប៉ៃលិន និងលោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ បានឲ្យដឹងថា៖ ក្នុងការទទួលអំណោយម៉ូតូកង់បី ម្នាក់១គ្រឿង ពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត គឺជាការយកចិត្តទុកដាក់ ចំពោះរដ្ឋបាលក្រុង/ស្រុក ដែលកន្លងមករដ្ឋបាលក្រុង/ស្រុក មានការខ្វះខាតមធ្យោបាយ ដឹកសម្រាម យកទៅចោលនៅទីលានចាក់សម្រាម ។ទន្ទឹមនេះដែរ ចំពោះម៉ូតូកង់បី ជាអំណោយ របស់ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត គឺលោកនិងយកទៅ បម្រើការឲ្យចំគោលដៅ ក្រោមការចង្អុលបង្ហាញ និងណែនាំពីលោកជំទាវអភិបាលខេត្តផងដែរ។
សូមបញ្ជាក់ថា៖អំណោយម៉ូតូកង់បី ដែលប្រគល់ជូនរដ្ឋបាលក្រុង/ស្រុក នាពេលនេះ ជាអំណោយរបស់ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនផងដែរ៕