កងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្គាប់ឱ្យមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ឆ្លើយបំភ្លឺករណីចាប់មនុស្ស២នាក់ឃុំខ្លួន កាលពីថ្ងៃទី ២៩ខែកញ្ញាឆ្នាំ២០២៣ 

ស្ទឹងត្រែង៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបង្គាប់ឱ្យលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ធ្វើសេចក្តីរាយការណ៍មកកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពិនិត្យផ្ទៀងផ្ទាត់ ករណីដែលផ្សព្វផ្សាយតាមបណ្ដាញព័ត៌មាននានា ដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមថា បានចោទអាវុធហត្ថខេត្តស្ទឹងត្រែង បានចាប់ខ្លួនឪពុកម្តាយរបស់គាត់ ដោយគ្មានមូលហេតុ។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា
កងរាជអាវុធហត្ថ សុំឱ្យបុគ្គលពាក់ព័ន្ធដោយផ្ទាល់ដាក់ពាក្យមកកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឬអាចប្តឹងតវ៉ារឿងក្តីនេះ តាមផ្លូវច្បាប់នៅតុលាការ មានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់។ ក្នុងករណីយោធិននៃកងរាជអាវុធហត្ថអនុវត្តខុសនីតិវិធី ឬប្រព្រឹត្តល្មើសច្បាប់ យោធិននោះនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាដាច់ខាត។ កងរាជអាវុធហត្ថ នឹងធ្វើការបំភ្លឺឱ្យច្បាស់ និងស្របតាមផ្លូវច្បាប់នាពេលក្រោយ។

យោងតាមការបង្ហោះលើហ្វេសប៊ុករបស់បុរសម្នាក់ បានឲ្យដឹងថា ឪពុកម្តាយរបស់គាត់ ជាអ្នកមើលការខុសត្រូវក្រុមហ៊ុនចម្ការចេកមួយកន្លែងនៅក្នុងខេត្តស្ទឹងត្រែង រួមជាមួយកម្លាំងសន្តិសុខ កាលពីថ្ងៃ២២ ខែកញ្ញា ចាប់បានជនសង្ស័យមកម្នាក់ ជាចោរលួចកាត់ខ្សែភើ្លង និងបញ្ជូនខ្លួនជនសង្ស័យ ម៉ូតូមួយគ្រឿង និងខ្សែភ្លើង ទៅឲ្យអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធី។ តែក្រោយមកខាងប៉េអឹមខេត្ត បានខលហៅឪពុកម្តាយរបស់គាត់ ឱ្យយកភស្តុតាងមកកាន់អាវុធហត្ថខេត្ត តែពេលទៅដល់បែរទៅជាអាវុធហត្ថចាប់ឃាត់ខ្លួនឪពុកម្ដាយរបស់គាត់ ពីបទសំគំនិតជាមួយចោរ និងឃុំខ្លួនពួកគាត់ចំនួន៣ថ្ងៃសិន រហូតមកដល់ថ្ងៃទី២៧ កញ្ញា។

ក្នុងករណីនេះលោកបន្ថែមថា ខាងប៉េអឹមខេត្តឱយលោកត្រៀមរកមេធាវីការពារក្តី ដើម្បីជួយស្រាយករណីនេះ។ លោកបានស្នើសុំឲ្យមេធាវីសម្តេចតេជោ ជួយរកយុត្តិធម៌សម្រាប់ឪពុកម្តាយរបស់គាត់ផង ដែលត្រូវជាប់ឃុំទាំងអយុត្តិធម៌។

You might like

Leave a Reply

Your email address will not be published. Required fields are marked *