ភ្នំពេញ ៖ ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត២ ជំនាន់ទី៤ និងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់កាតព្វកិច្ចដល់កងកម្លាំងនគរបាលជាតិគ្រប់ថ្នាក់ និងមន្ត្រីដែលផ្ទេរពីស្ថាប័នស៊ីវិលមកបម្រើការងារជានគរបាលជាតិ ដែលមិនធ្លាប់បានឆ្លងវគ្គបណ្ដុះបណ្ដាលជំនាញនគរបាល ចាំបាច់ត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនាញនគរបាល បើទោះមានឋានន្តរស័ក្តិ និងមុខតំណែងកម្រិតណាក៏ដោយ។
ឯកឧត្ដមអភិសន្តិបណ្ឌិត បញ្ជាក់ថា ការចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ជាការកសាងសមត្ថភាពវិជ្ជាជីវៈក្នុងនាមជានគរបាលពេញលក្ខណៈសម្បត្តិ ស្របនឹងគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ឯកឧត្ដមអភិសន្តិបណ្ឌិត ថ្លែងទៀតថា ក្នុងបរិបទនៃយុគសម័យឌីជីថលនេះ កងកម្លាំងនគរបាលជាតិ ចាំបាច់ត្រូវធ្វើកំណែទម្រង់ និងធ្វើទំនើបកម្មតាមរយៈការបណ្ដុះបណ្ដាលដ៏ត្រឹមត្រូវ ប្រកបដោយគុណភាព ទាំងក្នុងក្របខ័ណ្ឌដឹកនាំបញ្ជា និងក្របខ័ណ្ឌមន្ត្រីបច្ចេកទេស ស្របតាមការវិវឌ្ឍរបស់សង្គមជាតិ សភាពការណ៍សន្តិសុខជាតិ និងអន្តរជាតិ ការវិវឌ្ឍផ្នែកបច្ចេកវិទ្យាឌីជីថល និងស្របតាមតម្រូវការជាក់ស្ដែងរបស់អង្គភាពដែលប្រើប្រាស់កងកម្លាំង។ ទន្ទឹមនេះ ក៏ត្រូវសិក្សាគិតដល់ការបំពាក់សម្ភារៈ និងមធ្យោបាយគ្រប់ប្រភេទក្នុងកិច្ចប្រតិបត្តិការ ដើម្បីប្រសិទ្ធភាពក្នុងការអនុវត្តតួនាទីភារកិច្ច បម្រើប្រជាពលរដ្ឋ និងសង្គមជាតិឱ្យបានល្អប្រសើរផងដែរ។
ទាក់ទងនឹងការបណ្ដុះបណ្ដាលនេះទៀតសោត ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានថ្លែងគាំទ្រ និងលើកទឹកចិត្តដល់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការបន្តខិតខំប្រឹងប្រែងអភិវឌ្ឍបន្ថែមទៀត ទាំងផ្នែករឹងនិងផ្នែកទន់ ដើម្បីបន្តរក្សាបាននូវកិត្យានុភាព ឧត្តមភាព និងការជឿទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធ ដោយផ្អែកលើផែនការ បទប្បញ្ញត្តិ គោលការណ៍ គុណតម្លៃ និងអភិក្រម ៥+១ គឺការផ្ដួចផ្ដើមគំនិត ការច្នៃប្រឌិត ការកែទម្រង់ នវានុវត្តន៍ នវកម្ម និងបូក ១ គឺការមើលឃើញចំណុចខ្វះខាត។ បន្ថែមលើនេះ បណ្ឌិត្យសភានគរបាលកម្ពុជា គប្បីត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីប្រែក្លាយទៅជាបណ្ឌិត្យសភាឌីជីថល និងគប្បីពិនិត្យឡើងវិញគ្រប់មុខវិជ្ជាបង្រៀន កម្មវិធីសិក្សានានា ក្នុងរយៈពេល ២ឆ្នាំម្ដងយ៉ាងយូរ ក្នុងស្មារតីរត់ឱ្យទាន់សភាពការណ៍ជាតិ និងអន្តរជាតិ។
ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត២ ជំនាន់ទី៤ និងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានក្រើនរំលឹកដល់សិក្ខាកាម និងសិស្សនគរបាលជ័យលាភីទាំងអស់ គប្បីតាំងចិត្តថាជាអ្នកបម្រើប្រជាពលរដ្ឋរាល់គ្រប់សេវា និងធ្វើឱ្យប្រជាពលរដ្ឋគោរពស្រឡាញរត់មករកនគរបាល នៅពេលដែលមានតម្រូវការ ឬមានបញ្ហាណាមួយ។ លើសពីនេះត្រូវយកចំណេះដឹង និងជំនាញដែលទទួលបានពីការបណ្តុះបណ្តាលនេះ ទៅប្រើប្រាស់ឱ្យមានប្រសិទ្ធភាព និងមានគុណតម្លៃ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដោយតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ។
តាមរបាយការណ៍របស់បណ្ឌិត្យសភានគរបាលកម្ពុជា ឱ្យដឹងថា មកដល់ពេលនេះ ថ្នាក់ដឹកនាំនគរបាល ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញនគរបាលរួចរាល់ក្នុងវគ្គសុក្រឹតការ សរុបមានចំនួន ៤ជំនាន់ និងមានសិក្ខាកាម ចំនួន ១ ០៥១នាក់ ក្នុងនោះនគរបាលជានារីចំនួន ១១២នាក់។ ចំពោះជំនាន់ទី៥ ដែលនឹងចាប់ផ្ដើមបើកវគ្គបណ្ដុះបណ្ដាលនាពេលឆាប់ៗខាងមុខ នឹងមានសិក្ខាកាមប្រមាណ ៤០០នាក់។ បន្ទាប់ពីនេះក្រសួងមហាផ្ទៃ នឹងចាត់បញ្ជូនមន្ត្រីនគរបាលជាតិ ដែលពុំទាន់បានឆ្លងកាត់វគ្គជំនាញនគរបាលនៅឡើយនោះ ឱ្យចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញនគរបាលជាបន្តបន្ទាប់ទៀត៕