បន្ទាយមានជ័យ÷ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី០៤ខែតុលាឆ្នាំ២០២៣ លើផ្លូវជាតិលេខ៥ ខាងកើតរដ្ឋបាលស្រុកអូរជ្រៅប្រហែល១៥០ម៉ែត្រត្រង់បង្គោលគីឡូម៉ែត្រលេខ ៣៧៨-៣៧៩ ស្ថិតនៅភូមិកូបលិច ឃុំកូប ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។
អធិការនគរបាលស្រុកអូរជ្រៅ លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ បានឲ្យដឹងថា៖ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍ដ៏អាក្រក់នេះ១/-ឈ្មោះ ឌឿង តាន់ ភេទប្រុសអាយុ ៣៧ឆ្នាំ ជាបងអ្នកបើករបរម៉ូតូម៉ាកហុងដាឌ្រីមធុនសេ១០០ ពណ៌ខ្មៅពាក់ស្លាកលេខ សៀមរាប 1C-7750 ,២/-ឈ្មោះឌឿង ចិន្តាភេទប្រុសអាយុ១៤ឆ្នាំត្រូវជាប្អូនអ្នករួមដំណើរ ។ ជនរងគ្រោះទាំង២នាក់រស់នៅភូមិអូរជ្រៅ ឃុំកូប ស្រុកអូរជៅ ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបន្តថា៖មុនដំបូងមានរថយន្តធំដឹកស្ករស០១គ្រឿងម៉ាកMIZUMIZIពាក់ផ្លាកលេខបាត់ដំបង3A-2129 បើកបរដោយឈ្មោះសាន វិឆៃ ភេទប្រុស អាយុ៣៧ ឆ្នាំទីលំនៅភូមិ ស្វាយគង់ឃុំ អន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុបានវ៉ាជែងរថយន្តមួយគ្រឿងទៀតនៅខាងមុខវ៉ាមិនផុតជ្រុលចង្កូតទៅបុកនិងម៉ូតូមកពីទិសខាងកើតទៅខាងលិច(ផ្ទុយទិសគ្នា)ហើយបោកប៉ះនិងរថយន្តតូចមួយគ្រឿងទៀតបើកពីខាងក្រោយម៉ូតូ បណ្តាលឲ្យអ្នកបើកបររថយន្តតូចរងរបួសស្រាល ហើយរថយន្តបង្កបានក្រឡាប់ធ្លាក់ពីលើផ្លូវអ្នកបើកបររបួសស្រាល។ មូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់ បណ្តាលមកពីរថយន្តធំបើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់មិនគោរពសិទ្ធអទ្ធិភាពបើកបរក្នុងល្បឿនលឿនគ្មានការប្រុងប្រយ័ត្ន ។បច្ចុប្បន្នវត្ថុតាងទាំង៣គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ចំពោះអ្នកបើកបររថយន្តធំបង្កគ្រោះថ្នាក់រៀបចំសំណុំរឿងអនុវត្តតាមនិតិវិធី ៕