(បន្ទាយមានជ័យ) នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ប៉ាន ណាវី ព្រមទាំងសហការី អមដំណើរ លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសន៍រូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អញ្ជើញរាប់បាតចំនួន២៥០អង្គ និងវេរចង្ហាន់បញ្ចប់កាន់បិណ្ឌវេនទី៧ នៅវត្តប្រាសាទស្រះកណ្ដាល(ខ្ចាស់) ។
សូមបញ្ជាក់ថាកាន់វេនទី៧នេះផ្តួចផ្តើមដោយ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ដែលប្រព្រឹត្តទៅតាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទំលាប់ដូនតាខ្មែរ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ មន្ត្រីរាជការ យុទ្ធជន យុទ្ធនារី ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខ ។
ក្នុងឱកាសពិធីកាន់បិណ្ឌនោះដែរ លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសន៍រូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ាល័យ លោកឧត្តមសេនីយ៍ទោស្នងការនិងលោកស្រី ព្រមទាំងសហការី ទាំងអស់ ក៏បានរាប់បាត្រ ស្តាប់ធម៌ទេសនា បង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះ មាតាបិតា ជីដូនជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោក ខាងមុខ ហើយនោះ។ ព្រមទាំងឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន ដែលបានពលី ជីវិតក្នុងបុព្វហេតុការពារ កសាងអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា សូមមកទទួលយកមគ្គផលដែលបានឧទ្ទិស ជូនតាម រយៈព្រះសង្ឃ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ សូមឱ្យអំណាចនៃអានិសង្ឃនេះ ជួយទ្រទ្រង់ឱ្យវិញ្ញាណក្ខន្ធអ្នកទាំងនោះ បានទៅកាន់ទីសោយសុខឋានបរមសុខ ក្នុងឋានសុគតិភពកុំបីខានឡើយ ៕