ព្រះវិហារ ៖ លោកឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន បានបញ្ជាក់ថា ការបើកវគ្គបណ្តុះបណ្តាលជំនាញផែនទីប្រព័ន្ធព័ត៌មានវិទ្យាភូមិសាស្ត្រ (GIS) និងប្រព័ន្ធវាស់វែងទីតាំងដោយប្រើសញ្ញាផ្កាយរណប (GPS & GNSS) គឺដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីនគរបាលការពារព្រំដែន។ ការថ្លែងបែបនេះរបស់លោកឧត្តមសេនីយ៍ឯក វូ ហាក់ ធ្វើឡើងក្នុងឱកាសពិធីបើកវគ្គបណ្តុះបណ្តាលជំនាញផែនទីប្រព័ន្ធព័ត៌មានវិទ្យាភូមិសាស្ត្រ (GIS) និងប្រព័ន្ធវាស់វែងទីតាំងដោយប្រើសញ្ញាផ្កាយរណប (GPS &GNSS) ជំនាន់ទី២ ឆ្នាំ២០២៣ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ ជាតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅសាលាហ្វឹកហ្វឺននគរបាលការពារព្រំដែនខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។
លោកឧត្តមសេនីយ៍ឯក វូ ហាក់ បានបញ្ជាក់ដែរថា សិក្ខាកាមបន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញផែនទី ប្រព័ន្ធព័ត៌មានវិទ្យាភូមិសាស្ត្រ (GIS) និងប្រព័ន្ធវាស់វែងទីតាំងដោយប្រើសញ្ញាផ្កាយរណប (GPS & GNSS) នឹងក្លាយទៅជាធនធានមនុស្សមួយប្រកបដោយវិជ្ជាជីវៈពិតប្រាកដ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការអានផែនទី និងប្រើប្រាស់យ៉ាងត្រឹមត្រូវផែនទីក្រដាស និងផែនទីឌីជីថល ដែលអាចមានលទ្ធភាពបែងចែកច្បាស់លាស់រវាងដាតទុម WGS-84 និងដាតទុម Indian-60 ចេះប្រើប្រាស់ម៉ាស៊ីន GPS/GNSS ដើម្បីវាស់រកនិយាមកា និងស្វែងរកទីតាំងភូមិសាស្ត្រ អាចប្រើប្រាស់ក្នុងកម្មវិធីផែនទី GIS សម្រាប់បង្កើតផែនទី និងរបាយការណ៍អំពីព័ត៌មានជាក់ស្តែង នៃភូមិសាស្ត្រឋានលេខាពិតប្រាកដ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលជំនាញផែនទី ប្រព័ន្ធព័ត៌មានវិទ្យាភូមិសាស្ត្រ (GIS) និងប្រព័ន្ធវាស់វែងទីតាំងដោយប្រើសញ្ញាផ្កាយរណប (GPS & GNSS) ជំនាន់ទី២ ឆ្នាំ២០២៣ នេះ មានសិក្ខាកាមចូលរួម ចំនួន ២១៦នាក់ មកពីវរសេនាតូចនគរបាលការពារព្រំដែនគោក-ទឹក ទាំង ៣៦វរៈ។