ខេត្តប៉ៃលិន៖ ប្រធានវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២២-២០២៣ បានដឹកមកដល់ ខេត្តប៉ៃលិនហើយក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ ACU ដឹកនាំដោយលោក តុង ហេង ។
នាឱកាសទទួលប្រធានវិញ្ញាសារប្រឡង នៅក្នុងសាលាខេត្តប៉ៃលិននាពេលនេះលោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន តំណាងលោកស្រីបាន ស្រីមុំ អភិបាល នៃគណៈអផិបាលខេត្តប៉ៃលិន បានជួបប្រជុំជាមួយប្រធានមេប្រយោគទូទាំងប្រទេសប្រចាំខេត្ត និងលោក តុង ហេង បានលើកឡើងថា ប្រធានវិញ្ញាសាប្រឡងដែលបានទទួលនាពេលនេះ ពិតជាមានសុវត្ថភាពខ្លាំងដោយមានឃ្លុមបេយ៉ាងត្រឹមត្រូវ មិនមានស្នាមរហែក ឬរលាត់ផ្នែកណាមួយឡើយ។
បើតាមរបាយការណ៍លោកតង់ ធារ៉ា បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ០៦ វិច្ឆិកា ២០២៣ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ នឹងប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ គឺថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានមណ្ឌលប្រឡងចំនួន២ នៅក្នុងវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិនតែមួយ មាន ២៦ បន្ទប់, បេក្ខជនសរុបចំនួន ៦៤០ នាក់ ស្រី ៣៤២ នាក់ ក្នុងនោះមណ្ឌលវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន (លិច) ប្រឡងបេក្ខជនផ្នែកវិទ្យាសាស្ត្រ មានបន្ទប់ប្រឡងចំនួន ០៦ បន្ទប់ មានបេក្ខជនចំនួន១៤៥ នាក់ ស្រី ៩០ នាក់ និងមណ្ឌល វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន( កើត ) ប្រឡងបេក្ខជនផ្នែកវិទ្យាសាស្ត្រសង្គមមានបន្ទប់ប្រឡងចំនួន ២០ បន្ទប់ និងមានបេក្ខជនចំនួន ៤៩៥ នាក់ ស្រី ២៥២ នាក់៕ដ,ស សារឿន