ភ្នំពេញ៖ សមត្ថកិច្ចនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឃាត់ខ្លួនឧត្ដមសេនីយ៍ផ្កាយ 2ម្នាក់ មានតួនាទីជាអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងមនុស្ស៤ នាក់ផ្សេងទៀត បញ្ជូនទៅតុលាការ ដោយសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។
ប្រភពព័ត៌មានបានឱ្យដឹងថា នគរបាលនៃនាយកដ្ឋានចារកម្មនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះ បានឃាត់ខ្លួនឧត្តមសេនីយ៍ផ្កាយ ២ ម្នាក់មានតួនាទីជាអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននិងមនុស្ស៤នាក់ផ្សេងទៀត ដោយមានជាប់ពាក់ព័ន្ធក្នុងរឿងគ្រឿងញៀន។
បើតាមប្រភពបន្ថែមថា អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៅមានឈ្មោះ( វ៉ាន់ កុសល )មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ កាន់ជំនាញ ក ៨ ។
ប្រភពព័ត៌មានបន្ថែមថា ក្រោយឃាត់ខ្លួន នគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនសំណុំរឿងនេះទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
លោកឧត្តមសេនីយ៍ទោ (អ៉ិន សុង) អ្នកនាំពាក្យមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានប្រាប់ថា ករណីនេះមិនទាន់ច្បាស់នោះទេ លោកនឹងផ្ដល់ដំណឹងនាពេលក្រោយ។
លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ.បានឱ្យដឹងនៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកានេះថា សំណុំរឿងទេីបតែទទួលបាន តំណាងអយ្យការកំពុងតែប្រេីប្រាស់នីតិវិធីដេីម្បីចាត់លេីរឿងនេះហើយ៕