ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រណាំងទូក ‘’ង’’ នៅដងស្ទឹងទឹកថ្លា ក្នុងបរិវេន សាកលវិទ្យាល័យជាតិមានជ័យ

(បន្ទាយមានជ័យ): នៅរសៀលថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមបិទកម្មវិធីប្រណាំងទូក”ង” អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្ត នៅដងស្ទឹងទឹកថ្លា ខាងក្រោយសាកលវិទ្យាល័យជាតិមានជ័យ នៅក្រុងសិរីសោភ័ណ ។

ពិធីបិទការប្រណាំងទូក អបអរសាទរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ថ្ងៃនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពី ឯកឧត្ត ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត រួមនិងថ្នាក់ដឹកនាំខេត្ត សមាជិកព្រឹទ្ធសភា រដ្ឋសភា មេបញ្ជា កងកម្លាំងគ្រប់កងឯកភាព ប្រតិភូខេត្តស្រះកែវប្រទេសថៃ កុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា ការរៀបចំពិធីប្រណាំងទូកនេះ គឺធ្វើឡើង ដើម្បីជាការកម្សាន្តសប្បាយរំសាយ ការនឿយហត់របស់ប្រជាពលរដ្ឋទាំងនៅ ក្នុងខេត្តក៏ដូចជាមកពីបណ្តា ខេត្តជិតឆ្ងាយ និងដើម្បីចូលរួមអបអរសាទរព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ដែលនឹងមកដល់នៅថ្ងៃទី២៧ដល់ ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ក្នុងគោលដៅចូលរួមថែរក្សាទំនៀមទម្លាប់វប្បធម៌ ប្រពៃណីជាតិដែលមានជាយូរលង់ណាស់មកហើយ សំដៅធ្វើឱ្យកូនចៅជំនាន់ក្រោយ បានចូលរួមយល់ដឹងពីពិធីបុណ្យជាតិ ដែលដូនតារបស់ខ្លួនបានបន្សល់ទុកឱ្យ និងឱ្យថែរក្សាបានគង់វង្សទៀតផង។

ឯកឧត្តមបន្តថា ការរៀបចំប្រណាំងទូកឆ្នាំនេះមានពុកម៉ែបងប្អូនប្រជាពលរដ្ឋមកយ៉ាងច្រើនកុះករ ជាមួយការមកទស្សនាការតាំងពិពណ៌ផលិតផលខ្មែរ ការបណ្តែតប្រទីបអង្គភាពរដ្ឋនឆពេលរាត្រីពេលចប់កម្មវិធីប្រណាំងទូក ។ការរៀបចំរយៈពេល២ថ្ងៃមកនេះ ទទួលបានជោគជ័យ មិនមានបញ្ហាអ្វីនោះទេ កងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ កម្លាំងស្នងការ កម្លាំងអាវុធហត្ថខេត្ត និងមន្ត្រីពាក់ព័ន្ធ គណៈកម្មការនីមួយៗបានដំណើរការដោយជោគជ័យរលូនល្អ បង្ករការកម្សាន្ត សប្បាយជូនពលរដ្ឋមកពីគ្រប់ទិសទី រក្សាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយល្អ។

ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះខេត្តបន្ទាយមានជ័យបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរៀបចំកម្មវិធីប្រណាំងទូក និងព្រឹត្តិការផ្សេងៗទៀតរបស់ខេត្តនេះ ដើម្បីបង្ហាញពីភាពរីកចម្រើនរបស់ខេត្ត ក្រោមម្លប់សុខសន្តិភាពរបស់ជាតិយើង ។ ជាមួយគ្នានោះឯកឧត្តមក៍បានបានធ្វើការអរគុណដល់ចំណុះទូកទាំងអស់ ត្រូវចេះសាមគ្គីគ្នា ទឹកចិត្តជាកីឡាប្រឹងប្រែង ក្នុងប្រកួត ដណ្តើមយកជ័យជម្នះ ដើម្បី សម្រាប់វត្តមូលដ្ឋានរបស់ខ្លួន។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមអ្ន្តកតំណាងរាស្ត្រក៏បានធ្វើការអំពាវនាវទៅកាន់ដល់ស្រទាប់ មហាជនទាំងអស់ពិសេសយុវជនត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងសូមមេត្តាបន្តការ ចូលរួមទាំងអស់គ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ចរាចរណ៍ ផ្លូវគោក។
ក្នុងឱកាសបិទនោះ គណៈអធិបតីក៍បានប្រគល់ពាន់រង្វានជ័យលាភី ថវិកា គ្រឿងឧបភោគបរិភោគមួយចំនួន ដល់គណៈកម្មាការទូកទាំងអស់ទៅតាមចំណាត់ថ្នាក់នីមួយៗគ្រប់ទូកទាំង២៨ ដែលបានចូលរួមប្រកួត និងផ្តល់ថវិកាឧបត្ថម្ភដល់ អនុគណៈកម្មាធិការនីមួយៗរបស់ខេត្ត ដែលបានដឹកនាំទទួលខុសត្រូវតាមផ្នែកខ្លួនផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *