កំពង់ស្ពឺ៖សមត្ថកិច្ចចម្រុះបានចុះស្រាវជ្រាវ ដោយរកឃើញសំបកគ្រាប់កាំភ្លើងខ្លីវែងជាង២០០គ្រាប់ ដែលក្រុមខ្មាន់កាំភ្លើងបាញ់បោះសេរីនៅផ្ទះលំហែរនៅលើខ្នងភ្នំគិរីរម្យរបស់បុគ្គលដ៏មានឥទ្ធិពលឈ្មោះ ឆាយ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីអបអរខួបកំណើត។
របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា វត្ថុតាងរកឃើញជុំវិញកន្លែងកើតហេតុរួមមាន សំបកគ្រាប់កាំភ្លើងខ្លីចម្រុះចំនួន ១១២គ្រាប់សំបកគ្រាប់កាំភ្លើងM១៦ចំនួន ៣៦គ្រាប់សំបកគ្រាប់កាំភ្លើងAKចំនួន៥៥គ្រាប់ ។
ក្រោយផ្ទុះអាវុធកក្រើកភ្នំគិរីរម្យ នៅចំណុចផ្ទះលំហែស្ថិតនៅភូមិថ្មី ចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជារបស់ឈ្មោះ ឆាយ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ កម្លាំងជំនាញ បានបង្កើតគណៈកម្មការ ដោយមានការចូលរួមពីសំណាក់ អាជ្ញាធរភូមិ ឃុំ មន្ត្រីបរិស្ថាន និងកម្លាំងកងរាជអាវុធហត្ថ ដើម្បីធ្វើការស្រាវជ្រាវពាក់ព័ន្ធករណី បាញ់បោះសេរី ក្នុងកម្មពីធីខួបកំណើតរបស់ម្ចាស់ផ្ទះឈ្មោះ ឆាយ ។
តាមរបាយការណ៍របស់នគរបាល បានឲ្យដឹងទៀតថា តាមការបំភ្លឺពីឈ្មោះ របស់សាក្សី២នាក់ ជាអ្នកចាំដីផ្ទះចំណុចកើតហេតុ ថា នៅថ្ងៃវេលាម៉ោងប្រហែល១២នាទី ឈ្មោះ ឆាយ បានមកពីភ្នំពេញ ដើម្បីរៀបចំកម្មពិធីខួបកំណើត ដោយមានមិត្តភក្តិរបស់គាត់ប្រហែលជិត ២០នាក់ មានស្រី មានប្រុស មកចូលរួមផឹកស៊ីផងដែរ។ រហូតដល់វេលាម៉ោងប្រហែល៩យប់ ពួកគេបានឮសូរសំលេងបាញ់កាំភ្លើងបន្តបន្ទាប់ នៅកន្លែងកម្មពិធី ។ ពួកគេមិនបានចេញមើលទេ ព្រោះខ្លាចមានគ្រោះថ្នាក់ ហើយពួកគាត់ក៏ពុំបានដឹងថាអ្នកណាជាអ្នកបាញ់ដែរ ។ ពួកគាត់និយាយបន្តទៀតថា កន្លងមក ម្ចាស់ផ្ទះឲ្យតែមានកម្មពិធីផឹកស៊ី គឺតែងតែបាញ់កាំភ្លើងលេង។
របាយការណ៍នគរបាលបង្ហាញតាមការបំភ្លឺពីបុរសអាយុ៥៨ឆ្នាំ ជាកម្មករ រស់នៅក្នុងភូមិថ្មី ជាមួយគ្នា ថា នៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល៤រសៀល រូបគាត់កំពុងធ្វើការ នៅចំណុចខាងក្រោយផ្ទះរបស់ឈ្មោះ ឆាយ ក៏ឃើញឈ្មោះ ឆាយ ឈរកាន់កាំភ្លើងខ្លីបាញ់ឡើងលើ ប្រហែលជា ១០គ្រាប់ ខណៈពេលដែលកំពុងផឹកស៊ីជាមួយមិត្តភក្តិរបស់គាត់ប្រហែល ៧ ទៅ៨នាក់ទៀត ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរកចាប់ជនសង្ស័យដែលជាអ្នកបាញ់បោះដោយសេរី និងអណាធិបតេយ្យដើម្បីផ្តន្ទាទោសតាមច្បាប់៕