កំពង់ស្ពឺ÷បុរស់ម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងឧដុង្គម៉ែជ័យឃាត់ខ្លួនបានភ្លាមៗ ក្រោយពីធ្វើសកម្មភាពល្បួងមិត្តភហ្នក្តិទិញស្រារបៀរផឹកជាមួយគ្នារួចយកកាំបិតចុងស្រួចចាក់សម្លាប់ប្លន់យកម៉ូតូ កាលពីវេលាម៉ោង ៧និង៤០យប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចខាងជើងរោងម៉ាស៊ីនកិនស្រូវអប្សរារ៉ាយ ភូមិស្រះកែវ សង្កាត់ វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
លោក សម សាក់ស្នងការរងទទួលផែនព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា មានបុរស់ពីរនាក់បានជួបជុំគ្នាផឹកស៊ី ហើយក្រោយឃើញជនរងគ្រោះរាងស្រវឹងបន្តិច ជនបង្កក៏បានយកកាំបិតចុងស្រួចធ្វើសកម្មភាពអារក និងចាក់សម្លាប់ជនរងគ្រោះតែម្តងដើម្បីប្លន់យកម៉ូតូ។ ជនរងគ្រោះមានឈ្មោះ ណយ ចាន់ណៃ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាកម្មកររោងចក្រ រស់នៅភូមិរំលេច សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ។ រីឯជនដៃដល់មានឈ្មោះ ពេជ្រ រ៉ាវី អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រដូចគ្នា រស់នៅក្នុងភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។
ក្រោយកើតហេតុកម្លាំងនគរបាលជំនាញបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ហើយធ្វើការស្រាវជ្រាវកំណត់បានមុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនជនដៃដល់។
កម្លាំងជំនាញក៏បានដកហូតវត្ថុតាងដែលបន្សល់ទុកនៅកន្លែងកើតហេតុមាន កូនកាំបិត១ដើម ប្រឡាក់ឈាម ស្បែកជើង១គូ និងស្រាបៀរ៦កំប៉ុង។
លោកបានបន្តទៀតថា នៅចំពោះមុខសមត្ថកិច្ចជនដៃដល់ឈ្មោះ ពេជ្រ រ៉ាវី បានសារភាពថា ខ្លួន និងជនរងគ្រោះឈ្មោះ ណយ ចាន់ណៃ គឺជាមិត្តភក្តិស្និតស្នាល រួមការងាររោងចក្រជាមួយគ្នា។ដោយសារតែស្រឡាញ់កូនស្រីគេនៅខេត្តតាកែវខ្លាំងពេក ហើយមិនមានលុយទៅចូលស្តីដណ្តឹង ទើបសម្រេចចិត្តសម្លាប់មិត្តភក្តិដើម្បីប្លន់យកម៉ូតូទៅលក់យកលុយឱ្យម្តាយចូលស្តីដណ្តឹងនារីដែលខ្លួនស្រឡាញ់៕