អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ត្រឹមខែកញ្ញា ឆ្នាំ២០២៣ ក្រសួងបានចេញប័ណ្ណដល់អ្នកសារព័ត៌មានជាង៣០០០ប័ណ្ណ គិតត្រឹមចុងខែកញ្ញាឆ្នាំ២០២៣នេះ

ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានប្រាប់សារព័ត៌មានត្រយងថា គិតត្រឹមចុងខែកញ្ញាឆ្នាំ២០២៣នេះ ក្រសួងព័ត៌មានបានចេញប័ណ្ណជូនអ្នកសារព័ត៌មានមានចំនួន ៣១១៤ប័ណ្ណទៅដល់អង្គភាពសារព័ត៌មាន ដើម្បីអាចធ្វើសកម្មភាពប្រកបអាជីវកម្មផ្សព្វផ្សាយព័ត៌មានតាមវិជ្ជាជីវៈ និងក្រមសីលធម៌របស់អ្នកសារព័ត៌មានស្របតាមច្បាប់ដែលមានជាធរណមាន។
ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពី ក្រសួងព័ត៌មានបានប្រកាសជូនដំណឹងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ម្ចាស់អង្គភាពអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលគ្មានអាជ្ញាបណ្ណប្រកបអាជីវកម្ម និងកំពុងបានធ្វើសកម្មភាពការងារដែលបំពានក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ត្រូវមកចុះបញ្ជីធ្វើអាជីវកម្មតាមបទប្បញ្ញត្តិច្បាប់ និង លិខិតបទដ្ឋានគតិយុត្ត បើពុំដូច្នេះទេ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
អ្នកនាំពាក្យក្រសួងព័ត៌មានខាងលើបន្ថែមថា ក្នុងចំណោមជាង៣ពាន់ប័ណ្ណនោះមានប័ណ្ណជាតិមានសរុប ២៩៧២ ប័ណ្ណ និងប័ណ្ណអន្តរជាតិមានចំនួន១១១ប័ណ្ណ និងអ្នកសារព័ត៌មានប្រកបវិជ្ជាជីវៈសេរី៣១ប័ណ្ណ (FreeLand) ដែលក្នុងនោះមានប្រព័ន្ធផ្សព្វផ្សាយ វិទ្យុ ទូរទស្សន៍ កាសែតបោះពុម្ភ គេហទំព័រ TVអនឡាញ ទស្សនាវត្តី ទីភ្នាក់ងារពាណិជ្ជកម្ម និងកាសែតបរទេសផងដែរ។
ផ្អែកតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ក្រសួងព័ត៌មានកត់សម្គាល់ឃើញថា បច្ចុប្បន្នមានម្ចាស់អង្គភាពអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយមួយចំនួនកំពុងធ្វើអាជីវកម្មដោយមិនមានអាជ្ញាបណ្ណពីក្រសួង និងប្រព្រឹត្តនូវទង្វើបំពានក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន បង្កឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គមកិត្យានុភាព និងសេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មានទូទៅ។
អាស្រ័យហេតុនេះ ទើបក្រសួងព័ត៌មានណែនាំដល់ម្ចាស់អាជីវកម្មប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវមកសុំអាជ្ញាបណ្ណ ប្រកបអាជីវកម្មពីក្រសួងព័ត៌មាន ដោយទុករយៈពេល ៣ (បី) ខែគិតចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ជាកំហិត។ ផុតរយៈពេលនេះ អង្គភាពប្រព័ន្ធផ្សព្វផ្សាយណាដែលនៅតែបន្តធ្វើអាជីវកម្មផ្សព្វផ្សាយដោយគ្មានអាជ្ញាបណ្ណពីក្រសួងព័ត៌មាន នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
ឯកឧត្តម ទេព អស្នារិទ្ធ ចាត់ទុកការធ្វើបច្ចុប្បន្នភាពប្រតិបត្តករក្នុងវិស័យសារព័ត៌មាននេះ ជាផ្នែកមួយស្ថិតក្នុងក្របខណ្ឌអាទិភាពនៃទំនើបកម្មស្ថាប័នដែលក្រសួងព័ត៌មានបាននិងកំពុងយកចិត្តដាក់ អនុវត្ត ក្នុងការធានាបាននូវការគ្រប់គ្រងសណ្ដាប់ធ្នាប់នៅក្នុងវិស័យព័ត៌មាន តាមរយៈបច្ចុប្បន្នកម្មសារព័ត៌មាន ការរៀបចំនូវបទប្បញ្ញត្តិច្បាប់ និងស្តង់ដាប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈឲ្យស្របទៅតាមការវិវត្តរីកចម្រើននៃសង្គមជាតិ។ ក្នុងនោះព្រមទាំងពង្រឹងគុណភាពអ្នកសារព័ត៌មាននៅកម្ពុជាឲ្យកាន់តែប្រសើរ ដើម្បីធ្វើឲ្យវិស័យសារព័ត៌មានក្លាយជាវិស័យស្នូលមួយសម្រាប់ការអភិវឌ្ឍន៍សង្គមទាំងមូលប្រកបដោយបរិយាប័ន្ន ។

សម្រាប់អ្នកនាំពាក្យក្រសួងព័ត៌មានក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើសេរីភាពសារព័ត៌មាន ការគាំពារ ការពារសិទ្ធិដល់អ្នកសារព័ត៌មាន តាមរយៈការផ្តល់នូវការគាំទ្រផ្នែកផ្លូវច្បាប់ ក្នុងករណីមានបញ្ហាប្រឈម ឬកំហុសខណៈបំពេញការងារខ្លួនតាមវិជ្ជាជីវៈត្រឹមត្រូវ ក៏ដូចជាការគាំពារផ្នែកសុខភាពដោយអ្នកសារព័ត៌មានដែលបានចុះបញ្ជីត្រឹមត្រូវជាមួយក្រសួងព័ត៌មាននឹងទទួលបាននូវការបញ្ចុះថ្លៃសេវាផ្នែកសុខភាពនៅមជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក។
ទន្ទឹមនឹងនេះដែរ ក្រសួងព័ត៌មាននឹងរៀបចំឲ្យមានស្តង់ដាប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានសម្រាប់ការអនុវត្តន៍នៅទូទាំងប្រទេស។ ក្នុងន័យនេះ ក្រសួងព័ត៌មាននឹងពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មាន តាមរយៈការបណ្ដុះបណ្ដាលវិជ្ជាជីវៈសារព័ត៌មាននិងវិក្រឹតការ ក៏ដូចជាការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសារព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មាន។ ពោលគឺអ្នកសារព័ត៌មានប្រកបដោយសមត្ថភាព ចំណេះដឹង និងគុណភាពដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងបរិបទនៃសង្គមឌីជីថល សំដៅធ្វើឲ្យវិស័យសារព័ត៌មានក្លាយជាវិស័យស្នូលមួយសម្រាប់ការអភិវឌ្ឍសង្គមជាតិទាំងមូលប្រកបដោយបរិយាប័ន្ន។
ឯកឧត្តម ទេព អស្នារិទ្ធ បញ្ជាក់ថា នៅមានអង្គភាពអ្នកសារព័ត៌មានជាច្រើនទៀតនៅពុំទាន់មកចុះបញ្ជីសុំអាជ្ញាធរប្រកបអាជីវកម្ម ដែលបច្ចុប្បន្នក្រសួងកំពុងប្រកាសជូនដំណឹងប្រមែប្រមូលធ្វើបច្ចុប្បន្នភាពឱ្យបានច្បាស់លាស់៕….

You might like

Leave a Reply

Your email address will not be published. Required fields are marked *