អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន ឧត្ដមប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ នៃ ព្រះរាជាណាចក្រកម្ពុជាទាំងពីរគណៈ  បានយាងដឹកនាំដង្ហែអង្គកឋិនទានទៅកាន់វត្តប្រាសាទបឹងសសរវៀច

នៅវេលាព្រឹកថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន ឧត្ដមប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាទាំងពីរគណៈ និងអ្នកម្មាង ព្រមទាំងបុត្រី អមដំណើរដោយសហការី និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយបានយាង និងអញ្ជើញដង្ហែអង្គកឋិនទានទៅកាន់វត្តប្រាសាទ បឹងសសរវៀច ស្ថិតនៅភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
ស្ថិតក្នុងឱកាសប្រកបដោយក្តីអំណរ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែនសព្វព្រះទ័យជ្រះថ្លា និងសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះវត្តមាន  ព្រះអនុគណស្រុកជីក្រែង ព្រះចៅអធិការ  លោកអាចារ្យ គណៈកម្មការ លោកមេឃុំ អជ្ញាធរមូលដ្ឋាន និងប្រជាពុទ្ធបរិស័ទក្មេងចាស់ប្រុសស្រីបានរួមគ្នាទទួលស្វាគមន៍ បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅបំផុត ប្រកបដោយសេចក្តីស្និទ្ធិស្នាល និងស្នាមញញឹម
ព្រះគ្រូអនុគណ និងព្រះចៅអធិការបានប្រទាននូវព្រះឱវាទដល់អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន ឯកឧត្តម លោកជំទាវ
និងពុទ្ធបរិស័ទអោយចូលរួមជួយជ្រំជ្រេងតម្កុំតម្កើងដើរតាមលំអានព្រះពុទ្ធសាសនាដើម្បីបានជាប្រយោជន៍ សេចក្តីសុខ សេចក្តីចម្រើន ដល់ខ្លួនយើងផង ដល់សង្គមជាតិផង និងកូនចៅខ្មែរតទៅអនាគតផង។
នាឱកាសបុណ្យកឋិនទាននោះដែរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន សព្វព្រះទ័យជ្រះថ្លា និងសោមនស្សរីករាយយ៉ាងក្រៃលែង
ចំពោះវត្តមានព្រះសង្ឃ លោកអាចា្យ គណៈកម្មការ ឯកឧត្ដម លោកជំទាវ និងប្រជាពុទ្ធបរិស័ទបានរួមសាមគ្គីគ្នាធ្វើបុណ្យកឋិនទាន ជាពិសេស អ្នកអង្គម្ចាស់សព្វព្រះទ័យជ្រះថ្លា និងសោមនស្សរីករាយយ៉ាងពន់ពេកចំពោះទឹកព្រះទ័យដ៏បវរថ្លៃថ្លារបស់ព្រះអនុគណស្រុក ព្រះចៅអធិការ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គហើយបានថ្វាយប្រគេនគ្រឿងបរិក្ខាកឋិនទាន និងចតុបច្ច័យមួយចំនួនដល់ព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សារនាអារាមវត្តនោះផងដែរ។
បើទោះបីជាផ្លូវធ្វើដំណើរទៅកាន់វត្តប្រាសាទបឹងសសរវៀចមានចំងាយឆ្ងាយ ហើយជួបនឹងការលំបាកច្រើនយ៉ាងណាក៏ដោយសទ្ធាដែលកើតចេញពីបុណ្យកឋិនទាននាពេលនោះគឺមិនមាននូវសេចក្តីនឿយហត់ឡើយ រឹតតែញាំងសទ្ធាជ្រះថ្លាអោយកើតឡើងនិងប្រកបដោយក្តីសោមនស្សរីករាយយ៉ាងក្រៃលែង។
ក្នុងនាម អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន ជាពុទ្ធសាសនូបត្ថម្ភក៍មួយរូប សូមឧទ្ទិសមហាបុណ្យកុសលថ្វាយចំពោះព្រះរាជវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានព្រះញាតិវង្សានុវង្សគ្រប់ព្រះអង្គសូមព្រះរាជវិញ្ញាណក្ខន្ធព្រះអង្គបានយាងទៅកាន់ស្ថានសួគ៌សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ
និងសូមលើកហត្ថាប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រៃគុណកែវទាំងបី ឬទ្ធីបារមីខ្លាំងខ្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហានគរ សូមអោយប្រជានុរាស្ត្រគ្រប់រូបសមប្រកបតែនឹងសេចក្តីសុខសេចក្តីចម្រើនរុងរឿងរួចចាកផុតពីរោគាព្យាធិ ឬ អន្តរាយផ្សេងៗ ដោយអានុភាពនៃគុណបុណ្យបុព្វបុរស និងទេវតាទាំងពួងសូមជួយថែរក្សាការពារ អភិបាលប្រោះព្រំ បវរសួស្ដីសិរីមង្គល វិបុលសុខ មហាប្រសើគ្រប់ប្រការកើតមានដល់បងប្អូនប្រជានុរាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណះ រកទទួលទានមានបានគ្រប់ក្រុមគ្រួសារ។
ជាទីបញ្ចប់ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន សូមអោយប្រជាពុទ្ធបរិស័ទទាំងអស់សូមមានសាមគ្គីភាព ភាតរភាពចេះជួយគ្នាទៅវិញទៅមក រួមកម្លាំងគ្នាជាធ្លុងមួយដើម្បីចូលរួមជួយថែរក្សាការពារ ព្រះពុទ្ធសាសនា កេរតំណែលបុព្វបុរសដូនតា និងកសាងមហានគរដ៏បវរមួយនេះអោយបានរុងរឿង ឋិតថេរចេកាលជានិច្ចនិរន្តរន៍តទៅ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *