បាត់ដំបង÷ដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ ឯក (ឈឿង គឹម សុង)ស្នងការ.រង បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការ ជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុក បាណន់ ដែលដឹកនាំដោយលោក វរសេនីយ៍ទោ (សំ វីរៈ )ជាអធិការ និង កម្លាំងអធិការដ្ឋាននគរបាលស្រុក បវេល ដែលដឹកនាំដោយលោកវរសេនីយ៍ឯក( សុខ សារិន) ជាអធិការ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង ដែលដឹកនាំដោយលោកវរសេនីយ៍ទោ( វេ គឹមចត់) ជាអធិការ បានចុះប្រតិបត្តិការបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( បណ្តាលឲ្យមរណៈភាពជនរងគ្រោះ)មួយករណីនិងបាននាំខ្លួនជនសង្ស័យ០១នាក់។
កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៥និង០៦នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង និងបានធ្វើការនាំខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ គឹម សុវ៉ាត់ ហៅ តូច ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២២និង៣០នាទី ស្ថិតនៅចំណុចក្រុមទី៩ ភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ខេត្តបាត់ដំបង ជនសង្ស័យខាងលើរួមជាមួយបក្សពួកចំនួន០៣នាក់ទៀតបានជិះម៉ូតូ០២គ្រឿង ម៉ាកហុងដាឌ្រីម និង បានប្រើប្រាស់កាំបិតផ្គាក់ដេញកាប់ជនរងគ្រោះមួយក្រុមទៀតដែលមានគ្នា០៧ នាក់ជិះមូតូ០៣គ្រឿង លុះដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យ បានកាប់ត្រូវចំជនរងគ្រោះម្នាក់ ឈ្មោះ លក សាវៀង ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅក្រុមទី០៥ ភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ចំត្រង់ក្បាលផ្នែកខាងលើមួយកាំបិត និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង តាមរថយន្តសង្រ្គោះបន្ទាន់ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យបង្អែកតែម្តង។
បច្ចុប្បន្ន÷ជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាល ស្រុកបាណន់ កំពុងធ្វើការសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕