(ភ្នំពេញ)៖ បុរសម្នាក់បានបាត់ បង់ជីវិតភ្លាមៗ ខណៈជិះម៉ូតូរ៉េ ជ្រុលមកបុករថយន្ត ដឹកសាំង ពីក្រោយ ដែលកំពុងឈប់ចត លើដងផ្លូវកាលពីវេលា ម៉ោង១០និង៤០នាទី យប់ថ្ងៃ អង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចមុខបឹងតាមោក ផ្លូវទំនប់កប់ស្រូវ ក្នុងភូមិ ទំនប់តូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
បុរសរងគ្រោះមានឈ្មោះ លឹម ចាន់ដែន អាយុ២៧ឆ្នាំ មុខរបរបើកអាអិចកាយដី ស្នាក់នៅផ្ទះ លេខ២០អា ផ្លូវលំ ភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ ជិះម៉ូតូម៉ាក ខ្ចូប៊ិត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HT-3260 រីឯរថយន្តជាប្រភេទ រថយន្តដឹកប្រេងសាំង ពាក់ស្លាកលេខ កោះកុង3A-0582 របស់ ក្រុមហ៊ុន ប្រេងឥន្ធនៈ លីម លុង ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស រងគ្រោះជិះម៉ូតូ តាមផ្លូវទំនប់កប់ ស្រូវ ទិសដៅពី កើតទៅលិចក្នុង ល្បឿនលឿន ខណៈមកដល់ ចំណុចកើតហេតុ បានវ៉ាជែងរថយន្ត មួយគ្រឿង តែមិនផុតក៏រ៉េទៅ បុករថយន្តដឹកសាំងពីក្រោយ ដែលឈប់ចតអែប ចិញ្ចើមផ្លូវ បណ្ដាល ស្លាប់ភ្លាមៗតែម្ដង ។
ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែង យករថយន្ត និងម៉ូតូរងគ្រោះ ទៅកាន់ការិយាល័យ ចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយ តាមផ្លូវច្បាប់ រីឯសព ត្រូវក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕