ក្មេងទំនើងបីនាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់ពីករណីអំពើហឹង្សាលើអ្នកដទៃនិងបក្ខពួកម្នាក់រត់គេចខ្លួន

ខេត្តកំពត÷ ក្មេងទំនើងបីនាក់បានធ្វើសកម្មភាពប្រើអំពើហឹង្សាលើយុវជនជាសិស្សសាលាអនុវិទ្យាល័យកំពតក្រុងម្នាក់ ដោយយកមួកសុវត្ថិភាពទៅវាយក្បាលនិងដៃ
ជាច្រើនមួក បណ្តាលឲ្យរងរបួសជាច្រើនកន្លែងនៅត្រង់ចំណុចមុខសាលាអនុវិទ្យាល័យមិត្តភាពកម្ពុជា ជប៉ុនកំពតក្រុងស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត។
ប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា:នៅវេលាម៉ោងប្រហែលជា៨,៣០នាទីព្រឹកថ្ងៃទី០១ខែធ្នូ ឆ្នាំ២០២៣ មានក្មេងប្រុសបីនាក់បានប្រើអំពើហឹង្សាដោយយកមួកសុវត្ថិភាពវាយក្បាលនិងដៃជាច្រើនមួកទៅលើក្មេងប្រុសជាសិស្សសាលាម្នាក់បណ្តាលឲ្យរងរបួសពកក្បាល របួសកែងដៃខាងស្តាំនិងរបួសម្រាមដៃ។ ប្រភពបានបន្តថា: ក្រោយពីធ្វើសកម្មភាពហឹង្សារួចបក្ខពួកវាម្នាក់បានរត់គេចខ្លួនរីឯបក្ខពួក២នាក់ជាជនដៃដល់មិនទាន់រត់ចេញពីកន្លែងកើតហេតុទេហើយត្រូវបានប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុរាយការណ៍ជូនសមត្ថកិច្ចឲ្យជួយអន្តរាគម។ភ្លាមៗនោះសមត្ថកិច្ចមកដល់ក៏ឃាត់ខ្លួនជនបង្កទាំងពីរនាក់នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីធ្វើការសាកសួរ។ សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកំរឹតស្រាលនៃស្នងការនគរបាលខេត្តបានឲ្យដឹងថា: ជនសង្សយ័ដែលធ្វើសកម្មភាពវាយទៅលើជនរងគ្រោះជាសិស្សសាលានោះមានគ្នាបីនាក់ទី១-ឈ្មោះង៉ូវ សម្បត្តិ ភេទប្រុស អាយុ១៥ឆ្នាំ ទី២-ឈ្មោះហាក់ វិសាល ភេទប្រុស អាយុ១៥ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត។ រីឯជនដៃដល់ជាបក្ខពួកម្នាក់ទៀតឈ្មោះម៉ូវ ភេទប្រុស អាយុប្រហែល១៥ឆ្នាំ(មិនស្គាល់ទីលំនៅ)បានរត់គេចខ្លួន។ សមត្ថកិច្ចបានបន្តថា: បើតាមចម្លើយសារភាពរបស់ជនសង្ស័យទាំងពីរបានសារភាពថា: ឈ្មោះម៉ូវ ដែលរត់គេចខ្លួននោះជាអ្នកដៃដល់ដោយយកមួកសុវត្ថិភាពវាយទៅលើជនរងគ្រោះរួចរត់គេចខ្លួនតែម្តង រីឯខ្លួនទាំងពីរនាក់គ្រាន់តែរួមដំណើរជាមួយមិត្តភក្រ័ឈ្មោះម៉ូវជាជនដៃដល់ទេហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ ប្រភពសមត្ថកិច្ចបន្តថា: ជនរងគ្រោះក្នុងករណីហឹង្សាខាងលើមានឈ្មោះ ម៉ៅ រិទ្ធីយុទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សសាលាអនុវិទ្យាល័យកំពតក្រុង មានទីលំនៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ។ វត្ថុតាងដែលសមត្ថកិច្ចរឹបអូសមកជាមួយមានមួកសុវត្ថិភាព១និងមនុស្ស២នាក់។ ជនសង្ស័យទាំងពីរនាក់បន្ទាប់ពីសារភាពប្រាប់សមត្ថកិច្ចរួចត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី០២ខែធ្នូឆ្នាំ២០២៣នេះ ដើម្បីចាត់ការតាមនីតិវិធី។.រីឯជនសង្ស័យដែលរត់គេចខ្លួនសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីឃាត់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *