បន្ទាយមានជ័យ÷នៅរសៀលថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ២០២៣ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តំណាងឱ្យលោក វរសេនីយ៍ទោ សោម សារុន នាយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នាំយកជាកុំព្យូទ័រយួរដៃមួយគ្រឿង ដែលជាអំណោយ ដ៏ថ្លៃថ្លា របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ទៅប្រគល់ឱ្យយុវតី ឈ្មោះ ឃុត ស្រីលីន ភេទស្រី រស់នៅមណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតនៅភូមិខ្ចាស់ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
សូមបញ្ជាក់ថាយុវតី ឈ្មោះ ឃុត ស្រីលីន ដែលរស់នៅមណ្ឌលខាងលើ ទើបប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ហើយគាត់ប្រលងជាប់និទ្ទេស D និងបន្តទៅរៀនជំនាញឯកទេសភាសាចិន នៅ សាកលវិទ្យាល័យជាតិមានជ័យ ។ សាកលវិទ្យាល័យជាតិមានជ័យបានផ្ដល់ជូននូវអាហារូបករណ៍ ១០០% រៀនសិក្សាទីនោះជាអាទិភាព ។
ជាមួយគ្នានោះលោកវរសេនីយ៍ទោ សោមសារុន តំណាងឱ្យលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏សូមជូនពរក្មួយបានជោគជ័យក្នុងការសិក្សា ដើម្បីផ្លាស់ប្ដូរមុខមាត់ខ្លួនឯង សង្គម មណ្ឌល សាលារៀន ពីភាពក្រីក្រ ឈានទៅកាន់ជីវភាពមធ្យមនិងស្មើមុខស្មើមាត់និងគេក្នុងសង្គម ៕