(ភ្នំពេញ)៖ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នេះ គឺជាខួប ២៨ ឆ្នាំ (២៣តុលា ១៩៩១-២៣តុលា ២០១៩) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ។
កាល២៨ ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងអោយរដ្ឋាភិបាលកម្ពុជា, ចលនាតស៊ូហ៊្វុនស៊ីនប៉ិច ដែលតំណាងដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ, រណសិរ្សជាតិ រំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនា កម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះ ហត្ថ លេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សី ដែល មកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការ អង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់ សង្រ្គាម ស៊ីវិលនៅកម្ពុជា។
សូមបញ្ជាក់ផងដែរថា មុននឹងឈានមក ដល់កិច្ចព្រមព្រៀង នាទីក្រុងប៉ារីស ២៣ តុលា គឺ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សា ដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅ ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ១៩៨៧ នៅ FERE- EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះ មានសេចក្តីប្រកាស រួមឡាយព្រះ ហស្តលេខាដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី ០២-០៤ ខែ ធ្នូ ឆ្នាំ ១៩៨៧)។
ហើយបន្ទាប់មកក៏ មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី ២០-២១ ខែ មករា ឆ្នាំ ១៩៨៨ នៅ SAINT-GERMAIN-EN -LAYE ប្រទេសបារាំង និងនៅទី កន្លែងផ្សេងៗមួយ ចំនួនទៀត។
ទោះបីមានកិច្ចព្រមព្រៀង សន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាម ស៊ីវិល នៅកម្ពុជានៅបន្តដែល បង្កដោយភាគីកម្ពុជា ប្រជាធិបតេយ្យ (ប៉ុលពត)។
ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន គឺបានបញ្ចប់ សង្រ្គាមស៊ីវិល ទាំង ស្រុង នៅឆ្នាំ ១៩៩៨ ដែលកម្ពុជាទូទាំង ប្រទេសបានស្គាល់ នូវសន្តិភាពពេញលេញ និងសំបូរសប្បាយ រហូតមកដល់សព្វថ្ងៃ។
សូមជូនពរបងប្អូនជន រួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា ក្នុងថ្ងៃខួប២៨ ឆ្នាំ នៃកិច្ចព្រមព្រៀង ប៉ារីសថ្ងៃនេះ៕