(ប្រទសថៃ) ៖ ក្រុមតម្រួតថៃនិងនារី រងគ្រោះចំនួន ៣ នាក់ដែលជាជនជាតិ ថៃបានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅដល់ក្រុម សមត្ថកិច្ចកម្ពុជាដែល បានសហការយ៉ាងឆាប់រហ័ស ក្នុងការចូលទៅរំដោះ ពួកនាងចេញពីការ ចាប់បង្ខាំងខ្លួននៅក្នុង ហាងម៉ាស្សាមួយកន្លែង ក្នុងខេត្តព្រះសីហនុ ដែលគ្រប់គ្រង ដោយជនជាតិចិន ។
គួរបញ្ជាក់ដែរថា កាលពីពេលថ្មីៗកន្លងទៅ នេះក្រុមតម្រួតថៃប្រចាំ ខេត្តស្រះកែវបានទទួល សេចក្តីរាយការណ៍មួយ ពីនារីរងគ្រោះដែល ជាជនជាតិថៃ ចំនួន ៣ នាក់ ដែលត្រូវបានជនជាតិ ចិនចាប់បង្ខាំងនៅ ក្នុងទីតាំងម៉ាស្សា ២៤ ម៉ោង លើ ២៤ ម៉ោងមួយកន្លែង នៅក្នុងខេត្តព្រះ សីហនុប្រទេសកម្ពុជា ។
បន្ទាប់មកសមត្ថ កិច្ចថៃក៏បានទំនាក់ ទំនងទៅលោកឧត្តម សេនីយ៍ឯកសម វណ្ណវីរៈ ប្រធាននាយក ដ្ឋានសន្តិសុខផ្ទៃក្នុង ដើម្បីចាត់កម្លាំងក្នុង ការចូលរំដោះនារី រងគ្រោះទាំងនោះ។ ទីបំផុត នៅវេលាម៉ោង ១ និង ៣០ នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចកម្ពុជា បានចូលរំដោះនារីរងគ្រោះ ដែលជាជនជាតិថៃបាន ដោយសុវត្ថិភាពព្រម ទាំងបានឃាត់ខ្លួន ជនជាតិចិនបានចំនួន ៣នាក់ផងដែរដើម្បីនាំ ខ្លួនយកមកសាកសួរ ។
នៅក្នុងឱកាសនោះដែរ កុងស៊ុលថៃប្រចាំ ទីក្រុងភ្នំពេញរួមជាមួយ កម្លាំងសមត្ថកិច្ចកម្ពុជា បាននាំនារីរងគ្រោះ មកសាកសួរដោយពួក នាងបានរៀបរាប់ថាពួក នាងបានចូលទៅធ្វើការ នៅក្នុងទីតាំងម៉ាស្សា នោះជាង ២ខែមកហើយដោយ ក្នុងកិច្ចសន្យាធ្វើតែ ៨ ម៉ោងប៉ុណ្ណោះក្នុង១ថ្ងៃ ប៉ុន្តែពេលចូលទៅ ធ្វើការគឺប៉ាស្ព័រពួក នាងត្រូវបានថៅ កែចិនដកទុកទាំង អស់ថែមទាំងបង្ខំអោយ ធ្វើការ២៤ម៉ោងហើយ គ្មានប្រាក់ខែបើកអោយ ទៀតពិសេសគឺនៅចុង ក្រោយនេះពួកនាង ម្នាក់បានធ្លាក់ខ្លួនឈឺក៏ គេមិនអនុញ្ញាតអោយ ចេញក្រៅដើម្បីទៅ រកគ្រូពេទ្យដែរទើបពួកនាង លបទាក់ទងទៅស្ថានីយ៍ តម្រួតក្នុងខេត្តស្រះកែវ ក្នុងការជួយអន្តរាគមន៍ ។
ទីបំផុត នៅវេលាម៉ោង ៥ ល្ងាច ថ្ងៃទី ២៥ខែតុលានេះ សមត្ថកិច្ចកម្ពុជាដែលដឹក នាំដោយលោក ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ រួមជាមួយនឹងតំណាង ស្ថានទូតថៃប្រចាំក្រុងភ្នំពេញ បានបញ្ជូននារីរង គ្រោះទាំង ៣ នាក់ ទៅប្រគល់អោយ សមត្ថកិច្ចថៃប្រចាំច្រកអន្តរជាតិ ខ្លងលឹក ក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ វិញដែលក្នុង នោះមានលោក បេនចៈផុន រ៉តសាវ៉ាត ប្រធានអន្តោប្រវេសន៍ ខេត្តស្រះកែវកម្លាំង កងរយ លេខ ១២០១និងកម្លាំងពាក់ព័ន្ធ ជាច្រើនទៀត ព្រមទាំងបានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ដល់សមត្ថកិច្ចកម្ពុជា ដែលបានធ្វើការ ទាន់ពេលវេលាពិសេស គឺនារីរងគ្រោះដែលនាង នឹងស្មានថា មិនអាចមានពេល វិលត្រឡប់មកប្រទេស ថៃវិញបាននោះទេ ៕ មួន រិទ្ធីយ៉ា