ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្ថែមថា សម្រាប់ក្រសួងមហាផ្ទៃ ដែលផ្ដើមការធ្វើតេស្តលើមន្ត្រីនិងកងកម្លាំងក្រោមឱវាទតាំងពីដើមនីតិកាលទី៧ មកនោះ គឺនឹងមិនបញ្ចប់វិធានការសម្អាតផ្ទះយើង នេះឡើយ ដរាបណាបញ្ហាគ្រឿងញៀននៅតែបន្តមានក្នុងសង្គមកម្ពុជា។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានសង្កត់ធ្ងន់ថា ចំពោះបញ្ហាគ្រឿងញៀន គឺសម្រាប់ជនទូទៅអាចអនុវត្តវិធានការផ្សព្វផ្សាយអប់រំបាន ប៉ុន្តែសម្រាប់អ្នកដែលបាននឹងកំពុងប្រើប្រាស់គឺមានតែវិធានការច្បាប់ និងការយកទៅបន្សាបស្ដារនីតីសម្បទា ដោយគ្មានការយោគយល់ និងលើកលែងប៉ុណ្ណោះ ទើបអាចធានាប្រសិទ្ធភាព លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនបាន។

ភ្ជាប់នឹងការរឹតបន្តឹងការចរាចរណ៍លួចលាក់ឆ្លងកាត់ព្រំដែន ដូចបានបញ្ជាក់ពីខាងដើម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានណែនាំដល់រដ្ឋបាលខេត្ត មន្ត្រី និងកងកម្លាំងពាក់ព័ន្ធ ត្រូវក្ដោបការយកចិត្តទុកដាក់ស៊ើបអង្កេត ស្រាវជ្រាវ តាមបណ្ដាទីតាំងជួលនានាដែលអំណោយផលដល់ការសំងំកែច្នៃផលិតគ្រឿងញៀន ដូចជា ៖ អគារច្រើនជាន់ ឬរោងតាមដីឡូតិ៍ដាច់ពីទីប្រជុំជន ក្លិបកំសាន្ត ខារ៉ាអូខេ រង្គសាល ដោយបន្ថែមពីលើមុខសញ្ញាគ្រឿងញៀន ក៏ត្រូវតែបង្ក្រាបដែរនូវការចែកចាយ និងប្រើប្រាស់បារីអេឡិចត្រូនិក។ ក្នុងការងារនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានប្រកាសត្រៀមសុនខហិតគ្រឿងញៀន ចំនួន ៤០០ក្បាល ដល់ស្នងការដ្ឋាននគរបាលរាជធានីខេត្ត និងកម្លាំងរឹតបន្តឹងគ្រឿងញៀនឆ្លងដែន។

ពីកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្ដល់អនុសាសន៍ឱ្យផ្សព្វផ្សាយសារអប់រំ ៣កុំ-១រាយការណ៍ នៅរៀងរាល់ចុងបញ្ចប់ នៃកម្មវិធីសាធារណៈ និងកិច្ចប្រជុំគ្រប់កម្រិត បន្តយកចិត្តទុកដាក់ខ្ពស់លើការចរាចរណ៍សាធាតុគីមីផ្សុំដែលអាចកែច្នៃផលិតជាគ្រឿងញៀន ពិសេសការដឹកជញ្ជូនតាមច្រកព្រំដែន បន្តការអនុវត្តបទបញ្ជាលេខ០១ ប.ប និងគោលការណ៍សម្អាតផ្ទះយើង ឱ្យបានជាប់ជាប្រចាំ ខណៈក្នុងពេលខាងមុខ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន គ្រោងនឹងរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍គ្រឿងញៀន ដោយក៏ផ្ដោតលើការចរាចរណ៍ឆ្លងកាត់ព្រំដែនផងដែរ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅបញ្ជាការដ្ឋាន វរសេនានគរបាលការពារព្រំដែនគោក លេខ៨១៧ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តទៅសួរសុខទុក្ខមន្ត្រី និងកម្លាំងប្រចាំការនៅច្រកទ្វារព្រំដែនអូររំដួល ស្ថិតនៅស្រុកសំពៅលូន និងនៅច្រកទ្វារព្រំដែនអូរអន្លក់ ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង។ ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណ និងបន្តលើកទឹកចិត្តដល់សមត្ថកិច្ចទាំងសុីវិល នគរបាល និងកងទ័ព ខិតខំរួមសហគ្នាការពារបូរណភាពទឹកដី ពង្រឹងសន្តិសុខតាមខ្សែបន្ទាប់ព្រំដែន ពិសេសបង្ក្រាបបទល្មើសចរាចរណ៍ដឹកជញ្ជូនគ្រឿងញៀន និងបទល្មើសជួញដូរមនុស្ស ព្រមទាំងបន្តកិច្ចសហប្រតិបត្តការប្រកបដោយសន្តិសហវិជ្ជមានជាមួយភាគីថៃ ដើម្បីកសាងនិងថែរក្សាព្រំដែនសន្តិភាពនិងការអភិវឌ្ឍ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *