ខេត្តប៉ៃលិន៖នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំក្រុមការងារជួបជាមួយបងប្អូនប្រជាពលរដ្ឋម្ចាស់ឡានតាក់ស៊ី និងមេភូមិដើម្បីពន្យល់អំពីនិតិវិធីយន្តការច្បាប់ និងផ្តល់ភាពកក់ក្តៅជឿជាក់លើសុខសុវត្ថិភាព ជូនគាត់ក្រោមម្លប់សន្តិភាព។
សូមបញ្ជាក់ថា ពលរដ្ឋបានអះអាងថា កម្លាំងកងរាជអាវុធហត្ថ មួយក្រុមដឹកនាំដោយមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តម្នាក់ទើបតែងតាំងថ្មី បាននាំកូនចៅទៅជាក្រុមមានគ្នាចំនួន៤នាក់ស្លៀកពាក់ជា ឯកសណ្ឋានសំរុកចូលទៅចាប់បុរសម្នាក់ទាំងយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅភូមិផ្សារ ព្រំឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន តែត្រូវបងប្អូនប្រជាពលរដ្ឋអ្នកជិតខាងឃើញ ក៏នាំគ្នាមកជួយប្រតាយប្រតប់ និងស្រែកឆោឡោធ្វើអោយក្រុមកងរាជអាវុធហត្ថនោះនាំគ្នាចូលឡានត្រលប់ទៅវិញ៕