ភ្នំពេញ ៖ ខ្មាន់កាំភ្លើង ឈ្មោះ ស្រី ស៉ីណា មាន ងារជាឧកញ៉ា អាយុ៥០ឆ្នាំ រស់នៅក្នុងបុរីប៉េងហួតបឹងស្នោរ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខ្មាន់កាំភ្លើងត្រូវកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបាននោះ ក្រោយរត់គេចខ្លួននៅវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងនគរបាលឲ្យឡោមព័ទ្ធចាប់ខ្លួនជនសង្ស័យ បាននៅស្រុកអង្គស្នួល ខេត្តកណ្ដាល រួមជាមួយរថយន្ដ និងកាំភ្លើងខ្លីសម្រាប់ធ្វើសកម្មភាពផងដែរ។
យោងតាមការបញ្ជាក់ របស់សមត្ថកិច្ចបានប្រាប់អ្នកសារព័ត៌មានយើង ឲ្យដឹងថា ខ្មាន់កាំភ្លើងមានងារជាឧកញ៉ាផងដែរ ជាមួយការឃាត់ខ្លួននេះ កម្លាំងនគរបាលដកហូតបានរថយន្ដមួយគ្រឿង ម៉ាក Ssangyong Rexton ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BL-9923 និងកាំភ្លើងខ្លីមួយដើមសម្រាប់ធ្វើសកម្មភាព។
ដោយឡែក ជនរងគ្រោះក្នុងហេតុការណ៍នេះ មានចំនួន៣នាក់ ក្នុងនោះស្ដ្រីម្នាក់ និងបុរស២នាក់ ជនរងគ្រោះដែលស្លាប់
ឈ្មោះ( ឡុង លីសុង) (ប្រុស) និង
ឈ្មោះ (ឃីន កញ្ចណា) អ្នកទាំងពីរជាគូរដណ្តឹងនិងគ្នា។ហើយត្រៀមចូលរោងការនៅក្នុងអំឡុង ខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះផងដែរ។
បើតាមការបញ្ជាក់ឱ្យដឹងទៀតថា ខណៈពេលនេះ ជនរងគ្រោះម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ ជំហានដំបូងបានឲ្យដឹងថា ដើមចមនៃហេតុការណ៍បាញ់ប្រហារដ៏រន្ធត់នេះ គឺផ្ដើមចេញពីទំនាស់អ្នកជិតខាង និងការប្រើប្រាស់ស្នួលហាលខោអាវតែប៉ណ្ណោះ ។
បច្ចុប្បន្ន ៖ ជនសង្ស័យជាខ្មាន់កាំភ្លើងត្រូវបានសម្ថកិច្ចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕