អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការដាំដុះបន្លែសរីរាង្គ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ..!?

ខេត្តប៉ៃលិន៖ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ  ចុះពិនិត្យមើល និងលើកទឹកចិត្តដល់ប្រជាកសិករដាំដុះបន្លែសរីរាង្គ នៅឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានជំរុញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការបណ្តុះបណ្តាលដល់សហគមន៍ ឬបណ្តុំកសិករ ដោយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់តែម្តង គឺធ្វើយ៉ាងណាឱ្យការដាំដុះរបស់បងប្អូនប្រជាកសិករទទួលបានទិន្នផលច្រើន ចំណាយលើការផលិតតិច និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ក៏ដូចជាអ្នកដាំផ្ទាល់ ជាពិសេសផលិតកសិផលទៅតាមតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍រំលឹកថា៖ កន្លងមកក្នុងដំណាក់កាលការទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី បានផ្តល់ថវិកាឧបត្ថម្ភ និងជម្រុញឱ្យបងប្អូនប្រជាពលរដ្ឋ ខិតខំចិញ្ចឹមសត្វ និងដាំដំណាំតាមគេហដ្ឋាន តាមរយៈការជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងពូជ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជួយដោះស្រាយ បញ្ហាខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើឡើង ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បន្តថា៖ នៅខេត្តប៉ៃលិន ក្រសួងពាណិជ្ជកម្ម តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា អេមស៍ ក៍បានរៀបចំ ជាបណ្តុំផលិតផលក្នុងស្រុក តាមបែបធម្មជាតិ ដើម្បីជំរុញឱ្យបងប្អូនប្រជាកសិករយើង បង្កើនការចិញ្ចឹម និងការដាំដុះបន្ថែមទៀត ក្នុងការផ្គត់ផ្គង់អោយបានទាន់ពេលវេលា និងតាមតម្រូវការទីផ្សារ ក្នុងតម្លៃមួយសមរម្យ ជាសវាងការផលិត ដែលគ្មានគុណភាព និងមិនមានទីផ្សារ ហើយជាក់ស្តែងបច្ចុប្បន្ននេះខេត្តប៉ៃលិន កំពុងមានក្រុមហ៊ុនទទួលទិញ ផ្លែស្វាយ និងផ្លែមៀនប៉ៃលិន ដើម្បីធ្វើការវេចខ្ចប់ និងសម្ងួត នាំចេញយកទៅលក់នៅប្រទេសចិនផងដែរ ។

លោកសាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានលើកឡើងថា៖ បច្ចុប្បន្នទីផ្សារបន្លែល្អ ពេលកសិករដាំដុះបាន គឺឈ្មួញកណ្តាលប្រមូលយកអស់ៗ មានពេលខ្លះប្រជាកសិករ សឹងតែផលិតមិនទាន់សម្រាប់បំពេញទីផ្សារថែមទៀតផង ដោយក្នុងនោះបន្លែទាំងអស់ដែលផលិតបាន ក្រៅតែពីលក់ក្នុងមូលដ្ឋាន គឺមួយចំនួនធំត្រូវនាំចេញទៅផ្គត់ផ្គង់ទីផ្សារនៅឯខេត្តនានាជាប់ព្រំប្រទល់ខេត្តប៉ៃលិន និងមានទៅដល់ រាជធានីភ្នំពេញ ពិសេសនៅតាមផ្សារទំនើបនានាផងដែរ ៕

នៅក្នុងឱកាសនោះផងដែរ ដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករដាំដុះបន្លែ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៍បានជួយទិញបន្លែរបស់បងប្អូនកសិករ ព្រមទាំងជម្រុញអោយពួកគាត់ បង្កើនការដាំដុះបន្លែ សរីរាង្គអោយបានច្រើន ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ និងផ្គត់ផ្គង់តម្រូវការទីផ្សារ ហើយក្នុងករណីបន្លែគ្មានទីផ្សារ សូមទំនាក់ទំនងមកកាន់ក្រុមការងារ លោកជំទាវនឹងជួយរកទីផ្សារជូនបងប្អូន ។ដោយ លោក ស សារឿន ហៅនាគខៀវ

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *