លោក ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមសកម្មភាពដាំកូនដើមឈើដូចជាកូនដើមក្ងោក បន្ថែមទៀតដើម្បីលើកសោភ័ណភាពទីក្រុងស្រស់ស្អាតតាមដងផ្លួវ

ខេត្តប៉ៃលិន៖ ក្រុមការងាររដ្ឋបាលខេត្តប៉ៃលិន បន្តដាំកូនដើមក្ងោកបន្ថែមទៀតជាច្រើនដើម ដើម្បីលើកកម្ពស់ សោភ័ណភាពបរិស្ថានក្រុង និងបង្កើនគម្របបៃតង ខណៈលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមសកម្មភាពដាំដើមឈើ យ៉ាងហោចណាស់ ពលរដ្ឋម្នាក់ ដាំដើម ឈើមួយដើម ដើម្បីប្រែក្លាយភូមិឋានរបស់ខ្លួនឱ្យមានសោភ័ណភាពល្អទៅថ្ងៃអនាគត។

ក្នុងពេលចុះពិនិត្យការដាំដើមក្ងោក នៅរសៀលថ្ងៃទី១៥ ខែកក្កដា លោកជំទាវ បានលើកឡើងថា បច្ចប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលំអហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែលំអហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដោយផ្នែកលើបរិស្ថាន សុខភាព ក៏ដូចជាបន្ថែមក្រវាត់ ពណ៌បៃតងក្នុងទីក្រុង លើកកម្ពស់សោភ័ណភាពស្រស់បំព្រងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរ ជាតិ ឱ្យចូឡលេងខេត្តប៉ៃលិនកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើន សេដ្ឋកិច្ចខេត្ត និងជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងផងដែរ ។

លោកជំទាវ បាន ស្រីមុំ បានឱ្យដឹងថា ជាក់ស្តែងនៅថ្ងៃនេះ ក្រុមការងារ បានដាំដើមផ្កាក្ងោក ចំនួន ជាង១ពាន់ដើមបន្ថែម នៅតាមបណ្ដោយដងផ្លូវនានាក្នុងខេត្ត ចំណែកដើមផ្កាក្ងោក ដែលរដ្ឋបាលខេត្តបាន ដាំរយៈពេលជាងបីឆ្នាំមកហើយនោះ គឺបច្ចុប្បន្នកំពុងតែបញ្ចេញសម្រស់ និងសោភ័ណភាពជាបណ្តើរៗ និងសង្ឃឹមថា នៅឆ្នាំក្រោយៗ ដើមផ្កាក្ងោកនេះ កាន់តែបញ្ចេញសម្រស់ស្រស់ស្អាតពាសពេញខេត្ត ហើយ ក្នុងនោះ រដ្ឋបាលខេត្ត ក៏មានផែនការនឹងបន្តដាំដើមផ្កាក្ងោកឱ្យបានច្រើនបន្ថែមទៀតផងដែរ នៅតាមទី សាធារណៈ និងអមសងខាងដងផ្លូវនានាក្នុងខេត្ត ។

លោកជំទាវអភិបាលខេត្តប៉ៃលិន បានថ្លែងអំណរគុណចំពោះក្រុមការងារ មន្រ្តីជំនាញ និង ប្រជា ពលរដ្ឋទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ជួយថែរក្សាបរិស្ថានឱ្យបានល្អ ជាពិសេស ផ្នែកអនា ម័យ សំរាម បានយ៉ាងល្អស្អាត ស័ក្ដិសមជាទីក្រុងស្អាតគំរូ និងបានអំពាវនាវឱ្យចូលរួមបន្តថែរក្សា វប្បធម៌ ដ៏ល្អប្រពៃនេះជារៀងរហូត ដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពមាំមួន ៕ដ,ស ស រ.ន

You might like

Leave a Reply

Your email address will not be published. Required fields are marked *