កំពង់ធំ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានប្រកាសផ្ទេរភារកិច្ចចូលកាន់មុខតំណែងស្នងការនៃស្នងការដ្ឋានគរបាលខេត្តកំពង់ធំ គឺលោកឧត្តមសេនីយ៍ត្រី ហេង សុផល ជំនួសលោកឧត្តមសេនីយ៍ទោ ម៉ែន លី ដែលត្រូវផ្ទេរទៅជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០២៤។
នាយឧត្តមសេនីយ៍ ស ថេត បានធ្វើការណែនាំដល់ស្នងការនគរបាលខេត្តកំពង់ធំ ដែលទទួលតំណែងថ្មី ឲ្យបន្ត រក្សាការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋឱ្យបានល្អបន្ថែមទៀត។ ពិសេសត្រូវពង្រឹងតួរនាទីកងកម្លាំងនៅក្នុងអង្គភាព និងត្រូវសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់់។ ក្រៅពីនេះក៏បានជំរុញឲ្យមានការ ពង្រឹងរបៀបរបបការងារឲ្យមានការប្រជុំនៅក្នុងស្នងការខេត្តយ៉ាងតិច១សប្តាហ៍ម្តង និងនៅអធិការក្រុងស្រុកព្រមទាំងប៉ុស្តិ៍រដ្ឋបាលឃុំ ផងដែរ ពិសេសស្នងការថ្មី ត្រូវចុះត្រួតពិនិត្យមើលនៅតាមទីស្នាក់ការប៉ុស្តិ៍រដ្ឋបាលនីមួយៗ តើប៉ុស្តិ៍នីមួយៗមានកន្លែងធ្វើការគ្រប់គ្រាន់ហើយឬនៅ ដើម្បីរៀបចំឱ្យមានតម្លាភាព និងប្រសិទ្ធភាព និងត្រូវពង្រឹងអនុវត្តច្បាប់ចរាចរណ៍ឲ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយគ្រោះថ្នាក់។
នាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំផងដែរ ត្រូវមានការបណ្តុះបណ្តាលបន្ថែមទៀត ដើម្បីសមត្ថភាពជំនាញគ្រប់គ្រាន់សម្រាប់អង្គភាព ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ព្រោះខេត្តកំពង់ធំមានភាពសាំញ៉ាំច្រើននិងហាមមិនឲ្យបោះព័ត៌មានចេញទៅក្រៅ។ ចាប់ពីពេលនេះតទៅ កុំឱ្យមានវប្បធម៌មួលបង្កាច់គ្នាទៅវិញទៅមកកាច់កុងគ្នានាំឱ្យបែកបាក់ផ្ទៃក្នុង ធ្វើឱ្យអន្តរាយដល់អង្គភាព។ ចូលរួមបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅក្នុងខេត្តដោយមានការសហការជាមួយស្ថាប័នអយ្យការ និងតុលាការ ជាពិសេសប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ព្រោះស្នងការជាសេនាធិការឲ្យគណៈបញ្ជាការខេត្ត។ ត្រូវផ្តល់សេវាសាធារណៈចុះធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅឱ្យបានឆាប់រហ័ស ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ។ ត្រូវទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន បទល្មើសព្រៃឈើ និងហាមដាច់ខាតចំពោះនគរបាលណាដែលពាក់ព័ន្ធនឹងគ្រឿងញៀន បើពាក់ព័ន្ធត្រូវដកខ្លួនជាបន្ទាន់បើមិនចង់ឲ្យខូចអនាគត។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការរង នៃស្នងការដ្ឋានខេត្តកណ្ដាល ទទួលមុខតំណែង ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ជំនួសលោកឧត្តមសេនីយ៍ទោ ម៉ែន លី ដែលត្រូវផ្ទេរទៅកាន់មុខតំណែងជាស្នងការនគរបាលខេត្តតាកែវ៕