ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមការណែនាំពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និង ដើម្បីឆ្លើយតបរាល់តម្រូវការប្រជាពលរដ្ឋ កម្លាំងនគរបាលជំនាញអត្តសញ្ញាណប័ណ្ណខេត្ត សហការជាមួយតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុក ទាំង ០៨ និងប៉ុស្តិ៍នគរបាលរដ្ឋបាល បានបន្តចុះថតអត្តសញ្ញាណប័ណ្ណ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយបានចុះថតអត្តសញ្ញាណប័ណ្ណដល់មូលដ្ឋានឃុំសង្កាត់ និងបានធ្វើសៀវភៅគ្រួសារ (ក២) និង (ក៤) ចែកជូនប្រជាពលរដ្ឋ ដោយប្រគល់ឱ្យទៅតាមបណ្ដាប៉ុស្តិ៍រដ្ឋបាលដើម្បីចែកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ។
ស្របពេលជាមួយគ្នានោះ នគរបាលខេត្តកំពង់ឆ្នាំង ក៏បានឆ្លៀតឱកាស សួរសុខទុក្ខប្រជាពលរដ្ឋ និងអាជីវកលក់ដូរ ដើម្បីសាកសួរអំពីសន្តិសុខសណ្ដាប់ធ្នាប់ ផ្សេងៗ ជាពិសេសបញ្ហាក្មេងទំនើង និងក្មេងគេចសាលា ក្នុងមូលដ្ឋានផងដែរ៕