កម្ពុជា បណ្ដេញជនជាតិវៀតណាម២៨នាក់​ ពាក់ព័ន្ធការ​​​កាន់កាប់​ល្បែង​អនឡាញ និង​ស្នាក់​​នៅខុស​ច្បាប់

ជនជាតិវៀតណាម ចំនួន២៨នាក់ ​ក្នុងនោះស្រី ៦នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា បន្ទាប់ពីពួកគេលួចស្នាក់នៅ និងធ្វើការខុសច្បាប់។ បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ​​ពួកគេ ត្រូវបញ្ជូនចេញពីកម្ពុជា កាលពីថ្ងៃទី៩ ខែសីហា តាម​ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិបាវិត ខេត្តស្វាយរៀង។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់បទល្មើសរបស់ជនជាតិវៀតណាម​ទាំង​នោះ​ដូច្នេះ៖ «បណ្តេញជនជាតិវៀតណាមសរុបចំនួន ២៨នាក់ ស្រី៦នាក់ ពាក់ព័ន្ធករណី​លួច​ស្នាក់​នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន អ្នកកាន់កាប់ល្បែងស៊ីសង និងអ្នកចាត់​ចែងល្បែងស៊ីសង (ល្បែងអនឡាញ)។»។
ពាក់ព័ន្ធនឹងបទល្មើសល្បែងអនឡាញនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់អះអាងថា កម្ពុជាប្រទេសរងគ្រោះ ពីទង្វើដែលជនបរទេស តែងតែយកកម្ពុជា ជាទី​តាំងប្រព្រឹត្តបទល្មើស។ ដើម្បីការពារ​កេរ្ត៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ។ ​ក្រសួង​មហា​ផ្ទៃ បាន​បញ្ជា​ឱ្យ​អង្គភាពពាក់ព័ន្ធជាពិសេសអគ្គ​ស្នងការដ្ឋាននគរបាលជាតិ និ​ង​អគ្គនាយ​កដ្ឋានអន្តោប្រវេសន៍ ចាត់វិធានការបង្ក្រាបបទល្មើសឆ្លងដែន​គ្រប់ប្រភេទ​ ​បទ​ល្មើសអន្តោប្រវេសន៍ ​និងឧក្រិដ្ឋកម្មឆ្លងដែននានា​ ឱ្យបានម៉ឹងម៉ាត់​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *