ឯកឧត្ដម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ​ និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបច្ចេកទេសតម្លើងបណ្តាញអគ្គិសនីវិទ្យាល័យជប់វ៉ារី

បន្ទាយមានជ័យ៖ ថ្ងៃចន្ទ ១៥ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ និងការពារ សន្តិសុខសុវត្ថិភាព ជូន ឯកឧត្ដម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ​ និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបច្ចេកទេសតម្លើងបណ្តាញអគ្គិសនីវិទ្យាល័យជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីនេះ ឯកឧត្តម កែ គឹមយ៉ាន បានមានប្រសាសន៍បន្តថា​ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំដ៏ស្វាហាប់ មោះមុត និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទេសន៍វ័យក្មេងដ៍ឆ្នើម បានផ្តោតការយកចិត្តទុកដាក់លើ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជន ដែលជាគោលនយោបាយអាទិភាពមួយ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ ដែលមាននៅក្នុងកម្មវិធីនយោបាយយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ដោយផ្តោតជាសំខាន់លើការផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈនិងបច្ចេកទេស ដល់យុវជនគោលដៅមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ យុវជន នឹងបុគ្គលិកនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្មួយៗ កម្មករនិយោជិតក៏អាចចូលរៀនបាន នៅក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈនិងបច្ចេកទេសនេះដោយមិនបង់ថ្លៃផងដែរ ដើម្បីចាប់យកជំនាញមួយពិតប្រាកដមុនចូលទីផ្សារការងារ ឬផ្លាស់ប្តូរជំនាញ ឬក៍បង្កើនសមត្ថភាពជំនាញរបស់ខ្លួន។

ឯកឧត្តម កែ គឹមយ៉ាន បានលើកឡើងថា សម្រាប់ខេត្តបន្ទាយមានជ័យ ឯកឧត្តម បានជម្រុញ និងគាំទ្រការដាក់ឲ្យដំណើរការសាលាបណ្តុះបណ្តាលបច្ចេកទេសនេះ នៅគ្រប់ក្រុងស្រុកទាំង៩ដែលបានសាងសង់រួចហើយ។ ជំហានដំបូងគឺយើងបានបើកវគ្គអគ្គិសនីនៅវិទ្យាល័យជប់វ៉ារី វិទ្យាល័យ សម្តេចឪ វិទ្យាល័យស្វាយចេក ហើយយើងគ្រោងបើកវគ្គបន្តបន្ទាប់ទៀតនៅវិទ្យាល័យ ថ្មពួក និងកន្លែងផ្សេងៗទៀត។ ក្រៅពីជំនាញអគ្គិសនី យើងនឹងបណ្តុះបណ្តាលបន្ថែមទៀតលើជំនាញគ្រឿងម៉ាស៊ីន គ្រឿងយន្តកសិកម្ម ជំនាញកសិកម្មនិងកុំព្យូទ័រ។ គោលដៅសំខាន់គឺយុវជននៅតាមភូមិ ឃុំ ដើម្បីយកចំណេះជំនាញទាំងនោះនៅតាមសហគមន៍ និងក្រុមហ៊ុននានា។

ឯកឧត្តម កែ គឹមយ៉ាន បានអំពាវនាវឲ្យជនរួមជាតិទាំងអស ត្រូវបន្តរួមគ្នាបន្តថែរក្សាការពារសន្តិភាព បន្តរួមគាំទ្រកិច្ចសហប្រតិបត្តិការអភិវឌ្ឍតាមព្រំដែន CLV DTA គម្រោងព្រែកជីកហ្វូណនតេជោ មិនត្រូវជឿលើការញុះញង់បំបែបបំបាក់ឯកភាពជាតិរបស់ក្រុមជ្រុលនិយមមួយចំនួនតូចនោះទេ ព្រមទាំងអំពាវនាវដល់ឪពុក ម្តាយ និងក្មួយៗយុវជនទាំងអស់ ដែលពុំបានចូលរៀន មហាវិទ្យាល័យ ហើយពុំទាន់បានចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ សូមប្រញាប់ប្រញាល់ រួសរាន់មកចុះឈ្មោះទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះ ដោយមិនបង់ថ្លៃហើយក្មួយៗ នឹងមានជំនាញមួយពិតប្រាកដដើម្បីចិញ្ចឹមជីវិត។ ហើយសម្រាប់ក្មួយៗសិក្ខាកាម ដែលកំពុងទទួលការបណ្តុះបណ្តាល ត្រូវខិតខំប្តេជ្ញាចិត្ត ពុះពារ “រៀនឲ្យចប់ និងរៀនឲ្យចេះ” ដើម្បីក្លាយខ្លួនជាយុវជនបន្តវេននៅពេលអនាគត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *