ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថា គ្មានការព័ទ្ធផ្ទះរបស់លោក និងឪពុកលោក ដូចការផ្សាយរបស់បុគ្គលទុច្ចរិតឡើយ

នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ មានការផ្សាយនៅលើប្រព័ន្ធទំនាក់ទំនងសង្គម ថា អាជ្ញាធរបានព័ទ្ធផ្ទះសម្ដេច ស ខេង និងលោកអភិសន្តិបណ្ឌិត ស សុខា តាមបបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន តែជុំវិញការផ្សាយនេះ លោកអភិសន្តិបណ្ឌិត ស សុខា បានប្រកាសច្រានចោល និងបញ្ជាក់ថា មិនមានការព័ទ្ធផ្ទះរបស់លោក និងឪពុកលោក ដូចការផ្សាយនេះឡើយ។

ថ្លែងចេញពីពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាជាតិបាត់ដំបង នៅខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២១​ ខែសីហានេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា បើមានការព័ទ្ធផ្ទះរបស់លោកពិតមែន ប្រហែលជាមិនមានវត្តមានលោក ជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៅខេត្តបាត់ដំបងនេះឡើយ ហើយលោកក៏គ្មានឱកាសឈរនិយាយនៅទីនេះដែរ។

ការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា ខាងលើ គឺបន្ទាប់ពីលោកបានឃើញការលើកឡើងនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកមួយ មានឈ្មោះថា Samdach Seng Rathana 007 ដែលគេស្គាល់ថា គឺជាបុគ្គលប្រឆាំងនៅក្រៅប្រទេស បានសរសេរថា «លោក​ ស​ ខេង​ និងលោក ស​ សុខា​ ត្រូវ​បាន​សម្ដេចតេជោ ហ៊ុន​ សែន​ បញ្ជា​ឱ្យ​ព័ទ្ធ​ផ្ទះ ​និង​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​ ពាក់ព័ន្ធ​ការ​មិន​គាំទ្រ​​គម្រោង​ CLV»។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា ចាត់ទុកការលើកឡើងរបស់បុគ្គលរូបនេះ ថា ជាទង្វើទុច្ចរិត ស្មោកគ្រោក និងមិនអាចទទួលយកបានឡើយ ដែលតែងព្យាយាមប្រើសកម្មភាពញុះញង់ ធ្វើឱ្យមានការភាន់ច្រឡំមកលើក្រុមគ្រួសាររបស់លោក ពិសេសក្នុងគោលបំណងបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ជាដើម។ លោក ស សុខា បានផ្ដាំឱ្យបុគ្គលទាំងនោះ បញ្ឈប់ជាបន្ទាន់នូវទង្វើទុច្ចរិតដដែលៗនេះ ក្នុងចេតនាឱ្យគណបក្សមួយ ឬក្រុមគ្រួសារមួយជល់គ្នាបែបនេះ គ្មានអ្វីជាផលចំណេញឡើយ មានតែភាពបែកបាក់ ហើយទៅមុខ នាំកម្ពុជាពាក់មុខយក្សដាក់គ្នាទៅវិញ។

ជាថ្មីម្ដងទៀត លោកអភិសន្តិបណ្ឌិត  ស សុខា បានអះអាងថា អ្វីដែលក្រុមប្រឆាំងកំពុងលើកឡើងនេះ គឺជាការមិនពិតឡើយ។ លោក ក៏បានបង្ហាញពីភាពនឿយហត់នឹងការឆ្លើយតបដដែលៗជាមួយនឹងក្រុមប្រឆាំងទាំងនេះផងដែរ។

គួររម្លឹកដែរថា ម្សិលមិញ ពោលគឺនៅថ្ងៃទី២០ ខែសីហា អ្នកនាំពាក្យនៃខុទ្ទកាល័យសម្ដេចក្រឡាហោម ស ខេង ក៏បានចេញមកប្រកាសបដិសេធចំពោះការលើកឡើងថា «សម្តេច ស ខេង នឹងក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា បន្ទាប់ពីនាយករដ្ឋមន្ត្រីចាស់ចុះចេញពីតំណែង»។ ប៉ុន្តែ អ្នកនាំពាក្យ បញ្ជាក់ថា សម្ដេច ស ខេង គ្មានមហិច្ឆតាប្រជែងតំណែងជានាយករដ្ឋមន្ត្រីឡើយ។ ផ្ទុយទៅវិញ សម្ដេចនៅតែគាំទ្ររាជរដ្ឋាភិបាលបន្តវេន ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *