សម្ដេចព្រះព្រហ្មរតនៈមុនី ពិន សែម សំណេះសំណាលជាមួយមន្ត្រីសង្ឃទូទាំងខេត្តប៉ៃលិន ដើម្បីណែនាំអំពីការប្រតិបត្តិធម៌វិន័យ ក្នុងយុគ្គសម័យឌីជីថល

ខេត្តប៉ៃលិន៖ រសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ សម្ដេច ព្រះព្រហ្មរតនៈមុនី ពិន សែម ព្រះឧត្តមប្រឹក្សាផ្ទាល់គណៈសង្ឃនាយក និងជាសមាជិកថេរៈសភាព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តសំណេះសំណាល ជាមួយព្រះមន្ត្រីសង្ឃទូទាំងខេត្តប៉ៃលិន ដើម្បីណែនាំអំពីការប្រតិបត្តិធម៌វិន័យ ការគ្រប់គ្រងអប់រំព្រះសង្ឃក្នុងវត្តអារាម ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម ឌីជីថល និងការពង្រឹងតួនាទីភារកិច្ចរបស់មន្ត្រីសង្ឃខេត្តប៉ៃលិន។

ក្នុងពិធីនេះមានការនិមន្តចូលរួមពី ព្រះមន្រ្តីសង្ឃខេត្ត ព្រះចៅអធិការវត្តទូទាំងខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម សារ៉ាយ ឆុន រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា, លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន, ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការ គណៈកម្មការអាចារ្យវត្ត ផងដែរ។

ឯកឧត្ដម សារ៉ាយ ឆុន រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា ដើម្បីជាប្រយោជន៍ក្នុងការរួមចំណែកពង្រឹងសាមគ្គីភាព ការលើកកម្ពស់វប្បធម៌នៃការយោគយល់គ្នា ក្នុងចំណោមពុទ្ធសាសនិកក៏ដូចជាប្រជាជនកម្ពុជារបស់យើងនៅគ្រប់សកម្មភាពសង្គម ហើយពុទ្ធសាសនិកទាំងអស់ នៅតែបន្តការពារនិងគោរព ព្រមទាំងលើកស្ទួយព្រះពុទ្ធសាសនាជាដរាប ដោយធ្វើយ៉ាងណាឲ្យកម្លាំងដ៏មានឥទ្ធិពលនៃពុទ្ធសាសនា បន្តស្ថិតនៅ និងជ្រួលជ្រាបក្នុងក្រអៅបេះដូង នៃប្រជាជនខ្មែរនិងស្ថិតស្ថេរគង់វង្សតរៀងទៅ។

ឯកឧត្ដមរដ្ឋលេខាធិការ បានមានប្រសាសន៍បន្តថា៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺត្រូវការវត្តមាន នឹងការចូលរួមឥតសំចៃ ទាំងស្មារតី និងបញ្ញាញាណពីសម្ដេច ព្រះតេជគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ឯកឧត្តម អស់លោក លោក លោកស្រី និងប្រជាជនទាំងអស់ ដើម្បីរួមគ្នាកសាងកម្ពុជា ឱ្យក្លាយទៅជាសង្គមមួយដែលគ្មានអំពើហិង្សា គ្មានការរំលោភសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស ចូលរួមចំណែកធ្វើឲ្យសង្គមកម្ពុជា នៅតែជាសង្គមមួយ ដែលមាន ប្រជាជនប្រកបដោយចំណេះដឹងជ្រៅជ្រះ មានសីលធម៌ គុណធម៌ ចរិយាធម៌ សាមគ្គីធម៌ និងជាប្រទេសដែលសម្បូររុងរឿង បន្តនៅអរិយធម៌ដ៏ខ្ពង់ខ្ពស់ត្រចះត្រចង់ប្រកបដោយសុខសន្តិភាពជានិរន្តរ៍។

សម្តេចព្រះព្រហ្មរតនៈមុនី ពិន សែម ព្រះឧត្តមប្រឹក្សាផ្ទាល់គណៈសង្ឃនាយក និងជាសមាជិកថេរៈសភាព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា បានមានសង្ឃដីកា ក្រើនរំលឹកដល់ព្រះសង្ឃដែលនិយមប្រើបណ្តាញសង្គម សូម ប្រើប្រកបដោយបញ្ញា ដោយការចែករំលែក និងបង្ហោះនូវសកម្មភាព ឬ ចំណេះដឹង ដែលបម្រើដល់ឧត្តមប្រយោជន៍ព្រះពុទ្ធសាសនា ដោយមិនគួរគប្បីប្រើប្រាស់បណ្តាញសង្គម បង្ហោះវីដេអូផ្សេងៗដែលប្រាស់ចាកពីវិន័យជាព្រះសង្ឃ ដែលធ្វើប៉ះពាល់ដល់តម្លៃន័យព្រះពុទ្ធសាសនា  និងជៀសវាងការចែករំលែកនូវសកម្មភាពដែលនាំឱ្យប៉ះពាល់ដល់ សន្តិសុខសណ្តាប់ធ្នាប់ និងស្ថិរភាពនយោបាយ នោះទេ។

សម្តេចព្រះព្រហ្មរតនៈមុនី បានមានថេរដីកាបញ្ជាក់ថា៖ អ្នកបួស ត្រូវរៀននូវធម៌វិន័យ និងប្រតិបត្តិធម៌វិន័យ ទៅតាមសមគួរដល់ធម៌វិន័យ ហើយត្រូវយកធម៌វិន័យទាំងនោះ ទៅអប់រំដល់ប្រជាពុទ្ធបរិស័ទគ្រប់ៗរូប ដូច្នេះសូមព្រះចៅអធិការគ្រប់វត្តអារាមទាំងអស់ ធ្វើការណែនាំ ពង្រឹងធម៌វិន័យ និងជំរុញការសិក្សារៀនសូត្រ ដល់ភិក្ខុ សាមណេរ ឱ្យបានតឹងរឹង និងត្រូវចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាល ដើម្បីការអភិវឌ្ឍន៍ជាតិ ដែលមានសន្តិភាពស្រាប់ឲ្យកាន់តែរីកចម្រើនថែមទៀត។

បើតាមរបាយការណ៍របស់ព្រះវិជ្ជារតនញាណ ក្តៀង សារ៉ាត់ ព្រះបាឡាត់គណខេត្ត បានឱ្យដឹងថា៖ បច្ចុប្បន្ននេះខេត្តប៉ៃលិន មានវត្តគណៈមហានិកាយសរុបចំនួន ២៨វត្ដ  និងមណ្ឌលវិបស្សនាធុរៈចំនួន ១កន្លែង ដោយមានព្រះសង្ឃសរុបចំនួន ៣៧១អង្គ ក្នុងនោះព្រះភិក្ខុមានចំនួន ១០៦អង្គ សាមណេមានចំនួន ២៦៥អង្គ ដោយឡែកចំពោះវិស័យពុទ្ធិក មកទល់នឹងពេលនេះ មានសាលាពុទ្ធិកអនុវិទ្យាល័យមានចំនួន ០១សាលា ស្មើរនឹង ០៣បន្ទប់ និងពុទ្ធិកបឋមកម្រងមានចំនួន ១៣សាលា ស្មើរនឹង ១៨បន្ទប់ មានសិស្ស និងសមណសិស្សសរុបចំនួន ២៤២អង្គ/នាក់ ៕ដោយ លោក ស សារឿន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *