ភ្នំពេញ៖ អាជ្ញាធរត្រៀមទប់ស្កាត់ការបង្កចលាចលក្នុងស្រុក ក្រោយមានការប្រកាសធ្វើបាតុកម្មនៅកូរ៉េបានផុស ២១ នាទី មុន នៅ ថ្ងៃសុក្រ ៣០ សីហា ២០២៤ដោយ Thoeun Vansong កងកម្លាំង និងអាជ្ញាធរ បានត្រៀមលក្ខណៈទប់ស្កាត់ការបង្កចលាចលនៅក្នុងសង្គម ក្រោយមានការប្រកាសធ្វើបាតុកម្មជាថ្មីនៅក្រៅប្រទេស។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ។ លោក បញ្ជាក់ថា កម្លាំងគ្រប់ជាន់ថ្នាក់នៃក្រសួងមហាផ្ទៃ បានបន្តឈរជើងតាមគោលដៅ ដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ពិសេសការត្រៀមទប់ស្កាត់ចលនាដែលមាននិន្នាការជ្រុលនិយមក្នុងការចិញ្ចឹមចិត្តធ្វើបាតុកម្ម ឬកុបកម្មបង្កអសន្តិសុខក្នុងសង្គម។
បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅរសៀលថ្ងៃទី៣០ ខែសីហានេះ ក្នុងនាមក្រសួងមហាផ្ទៃ ដែលមានតួនាទីគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ស្ថេរភាព និងសុវត្ថិភាពសង្គម នៅតែបន្តរឹតបន្ដឹងបញ្ហាសន្តិសុខក្នុងសង្គម ដោយគ្មានការធ្វេសប្រហែសឡើយ ពិសេសការត្រៀមបង្ការទប់ស្កាត់ និងបង្ក្រាបនូវសកម្មភាពខុសច្បាប់ ដោយកម្លាំងនៅតែឈរជើងតាមគោលដៅត្រួតពិនិត្យដដែល។
លោក ទូច សុខៈ បន្ថែមថា ក្រសួងមហាផ្ទៃ មានវិធានការយ៉ាងគត់មុត ចាប់ពីកងកម្លាំងនគរបាលថ្នាក់អគ្គស្នងការដ្ឋាន ដល់ប៉ុស្តិ៍នគរបាល។ សម្រាប់កម្លាំងអាជ្ញាធរដែនដីពីរាជធានី-ខេត្ត រហូតដល់ភូមិ ខណៈកម្លាំងអគ្គនាយកដ្ឋានពន្ធនាគារ ពីថ្នាក់ក្រសួង ដល់ពន្ធនាគារតាមបណ្ដារាជធានី-ខេត្ត បូករួមនឹងប្រជាការពារ និងកម្លាំងមហាជនផ្សេងទៀត ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំកន្លងមកនេះ សម្រាប់ការរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គមជូនប្រជាពលរដ្ឋ។
ពាក់ព័ន្ធនឹងការបន្តដាក់គោលដៅត្រួតពិនិត្យដែលបានរក្សាមកដល់ពេលនេះ ត្រូវបានលោក ទូច សុខៈ គូសបញ្ជាក់ថា ជាវិធានការមួយសំដៅថែរក្សាការពារ និងទប់ស្កាត់រាល់ផែនការទុច្ចរិកទាំងឡាយណាដែលមានបំណងធ្វើបដិវត្តន៍ពណ៌ កុបកម្ម ផ្ដួលរំលំរាជរដ្ឋាភិបាលប៉ុណ្ណោះ។ ហើយផ្ទុយទៅវិញ ការដាក់គោលដៅនេះ ក៏មិនប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សន្តិសុខ និងរបៀបរៀបរយសង្គមដែរ មានតែជួយឱ្យប្រជាពលរដ្ឋកាន់តែមានភាពកក់ក្ដៅ និងជឿជាក់លើកងកម្លាំងរបស់រាជរដ្ឋាភិបាល ក្នុងការធានាសុខសន្តិភាព ស្ថេរភាពសង្គម មិនមានការភ័យខ្លាច។
ការបញ្ជាក់របស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃខាងលើ បន្ទាប់ពីមានព័ត៌មានថា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានការត្រៀមធ្វើបាតុកម្មជាថ្មីម្ដងទៀតនៅឯប្រទេសកូរ៉េខាងត្បូង ក្រោយភាពបរាជ័យកាលពីថ្ងៃទី១៨ ខែសីហា កន្លងទៅ ដែលចង់ធ្វើបាតុកម្មនៅរាជធានីភ្នំពេញ។ លោក ទូច សុខៈ បញ្ជាក់ថា គម្រោងបាតុកម្មនៅបរទេសមិនមានជាបញ្ហាចោទដល់ការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់នៅក្នុងប្រទេសកម្ពុជាទេ។
ប៉ុន្តែតាមការអំពាវនាវ ញុះញង់ និងបំផុសបំផុលពីបុគ្គលខាងក្រៅប្រទេស បានប្រើរូបភាពបាតុកម្ម ដើម្បីបំភាន់មហាជន នៅក្នុងស្រុកឱ្យចូលរួមជាមួយពួកគេ គ្រាន់តែជាឧបាយកលប៉ុណ្ណោះ ដោយបានបង្វែទៅជាការបំផុសចលនាផ្ដួលលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយផ្សព្វផ្សាយឱ្យយុវជន និងអ្នកមាននិន្នាការមិនពេញរាជរដ្ឋាភិបាលធ្វើដំណើរមកជួបជុំគ្នានៅរាជធានីភ្នំពេញ រហូតមានមនុស្សមួយចំនួនតូច ត្រូវសមត្ថកិច្ចចាប់ខ្លួន និងរកឃើញភស្តុតាងជាឧបករណ៍គ្រោះថ្នាក់ផ្សេងៗ បម្រើឱ្យសកម្មភាពនៅពេលប្រមូលផ្ដុំ និងញុះញង់ឱ្យប្រើហឹង្សាជាមួយកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីទៅវិញ។ នេះជាគូសបញ្ជាក់បន្ថែមរបស់លោក ទូច សុខៈ ដដែល។
គួររំលឹកផងដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រមុខក្រសួងមហាផ្ទៃ ក៏ធ្លាប់បានក្រើនរម្លឹកដល់អាជ្ញាធរ និងកងកម្លាំងកុំឱ្យមើលស្រាលសភាពការណ៍ក្នុងសង្គម ពិសេសផែនការទុច្ចរិតរបស់ក្រុមដែលមាននិន្នាការប្រឆាំងក្រៅច្បាប់ ដែលព្យាយាមបង្កាត់ភ្លើង បង្កភាពវឹកវរដល់ជាតិ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា ការមើលស្រាលសភាពការណ៍ នឹងផ្ដល់លទ្ធផលអាក្រក់ មិនខុសពីអ្វីដែលបាននឹងកំពុងកើតឡើងនៅប្រទេសបង់ក្លាដេសនោះទេ៕