បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រធានសមាគមអតីតសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានបើកកិច្ចប្រជុំប្រកាសសមាសភាព ចុះធ្វើបច្ចុប្បន្នភាពគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅមណ្ឌលតេជោសន្តិភាព(ការ៉េពីរ)ដែលមានផ្ទះ និងធ្វើកសិកម្ម នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើង នៅស្នាក់ការសមាគមអតីតយុទ្ធជន ខេត្តបន្ទាយមានជ័យ ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិការ មកពីបណ្តាអង្គភាព ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំពិភាក្សានេះ គឺផ្តោតលើការចាត់តាំងក្រុមការងារចុះធ្វើបច្ចុប្បន្នភាព ចំពោះគ្រួសារអតីតយុទ្ធជន ដែលជាសមាជិក សមាជិការ នៃសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ ដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែងនៅមណ្ឌលតេជោសន្តិភាព(ការ៉េពីរ)ដែលមានផ្ទះ និងកសិកម្ម នៅស្រុកភ្នំស្រុក ដើម្បីកំណត់ចំនួនមនុស្ស ចំនួនគ្រួសារ ចំនួនដី ចំនួនផ្ទះជាក់លាក់ និងបង្កភាពងាយស្រួលដល់គណកម្មការសមាគមគ្រប់គ្រង។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រធានសមាគមអតីតសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានជម្រុញដល់ថ្នាក់ដឹកនាំដែលជាសមាជិក មកពីគ្រប់បណ្តាអង្គភាព ស្ថាប័នពាក់ព័ន្ធចំណុះទាំងអស់ត្រូវយកចិត្តទុកដាក់ លើតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានល្អ ពិសេសត្រូវឆ្លើយតបសំណូមពរ ឬដោះស្រាយបញ្ហាប្រឈមនានាជូនគ្រួសារអតីតយុទ្ធជនឲ្យបានទាន់ពេលវេលា ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព៕