(ខេត្តកំពង់ធំ)៖នៅល្ងាចថ្ងៃសៅរ៍ ទី០២ខែ វិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការីជាមេបញ្ជារ មេបញ្ជាការរង និងនាយទាហានវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទៅសួរសុខទុក្ខលោកនាយចំណង់ សួស សារុំ នាយទាហានវរសេនាតូចលេខ១ ដែលបានរងគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលបំពេញភារកិច្ច បច្ចុបប្បន្នសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ធំ ។
ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម ស៊ុន និងមេបញ្ជាការ មេបញ្ជាការរង និងនាយទាហានវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឧបត្ថម្ភជូនគាត់ នូវទឹកពិសារចំនួន២កេស ទឹកផ្លែឈើចំនួន២កេស និងថវិកាចំនួន ៩០០,០០០ រៀល (កៅសិបម៉ឺនរៀល) ។
ក្នុងនោះផងដែរឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម ស៊ុនក៏បានសម្តែងការ អរគុណក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែក ខេត្តកំពង់ធំ ដែលបានយកចិត្ត ទុកដាក់ខ្ពស់ជួយព្យាបាល ដល់យោធិនយើងដោយ ឥតគិតថ្លៃ ៕