លោកជំទាវ អភិបាលខេត្តប៉ៃលិន ប្រជុំត្រៀមសហការរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ និងផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៣

ខេត្តប៉ៃលិន៖ ព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមសហការរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ និងផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៣ នាថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយក្រសួងមុខងារសាធារណៈ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការធ្វើសិក្ខាសាលានាពេលខាងមុខរបស់ក្រសួងមុខងារសាធារណៈ គឺក្នុងគោលបំណងចែករំលែកនូវបទពិសោធន៍ និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៣ ដើម្បីបំផុសចលនា​លើក​កម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់​សេវាសាធារណៈ តាមរយៈផ្តល់ការលើក​ទឹក​ចិត្ត ដែលទទួលស្គាល់​ពី​រាជរដ្ឋាភិបាល និងផ្តល់រង្វាន់លើកទឹកចិត្ត ហើយការកសាង និងពង្រីកភាពជាគំរូនេះ ចាប់​ផ្តើមពីវិស័យអាទិភាព​គន្លឹះចំនួនពីរ គឺអប់រំ និងសុខាភិបាល ដែលត្រូវបាន​ដាក់ឱ្យអនុវត្តនាឆ្នាំ២០១៨ ដោយសម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្រ្តី និងត្រូវបានបន្តផ្តល់ការ​យកចិត្តទុក​ដាក់ និងជំរុញបន្ថែមកាន់តែខ្លាំងដោយ​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុប្បន្ននេះ។

លោកជំទាវបណ្ឌិត អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ បាន​កំណត់​​ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណផ្តោតលើការកែលម្អអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាល​សាធារណៈទំនើប តាមរយៈការដាក់ចេញនូវកិច្ចការអាទិភាពមួយចំនួន រួមមាន ការពង្រឹង និងការកែទម្រង់ស្ថាប័នដោយ​ខិតខំកសាងរដ្ឋបាលសាធារណៈ ឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និង​ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាព​នៃការអនុវត្តការងារ ដោយការកសាងធនធាន​មនុស្ស​ប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌​វិជ្ជាជីវៈ ស្របតាមតួនាទី និងការទទួលខុសត្រូវ ៕

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវចូលរួមសហការគ្នា ដោយធ្វើយ៉ាងណា អោយកម្មវិធីសិក្ខាសាលាដំណើរទៅដោយរលូន ទៅតាមការគ្រោងទុក ដែលនេះគឺជាមោទនភាព និងជាកិត្តិយសសម្រាប់ខេត្តប៉ៃលិនរបស់យើង ដែលទទួលបានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ កម្រិតសាលាអនុវិទ្យាល័យ ចំនួន១០ សម្រាប់ឆ្នាំ២០២៣។

សូមរំលឹកថា៖ សាលាអនុវិទ្យាល័យភ្នំយ៉ាត គឺជាជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមជ័យលាភីអង្គភាពផ្តល់​សេវាសាធារណៈ​គំរូក្នុងវិស័យអប់រំ កម្រិតសាលាអនុវិទ្យាល័យ ចំនួន១០ សម្រាប់ឆ្នាំ​២០២៣ ហើយរដ្ឋបាលខត្ត បានប្រារព្ធពិធីអបអរសាទរ និងក្បួនដង្ហែរយ៉ាងអធិកអាធម ស្ថិតក្រោមអធិបតីភាព ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន។ដោយ លោក សសារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *