រយ:ពេល ៧ថ្ងៃ ក្រសួងមហាផៃ្ទ បានផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជិត ២ ៦០០លើក និងមានអ្នកចូលរួមជិត ១០ម៉ឺននាក់ នៅទូទាំង ២៥រាជធានី ខេត្ត

ភ្នំពេញ ៖ ដោយអនុវត្តតាមបទដ្ឋានគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងមហាផៃ្ទ បានជុំរុញការផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានចំនួន ២ ៥៦៤លើក និងមានអ្នកចូលរួមចំនួន ៩៥ ៧៦៦នាក់ ទូទាំង២៥រាជធានី-ខេត្ត។ នេះបើយោងតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ (សុខៈ)។


អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងដែរថា ៖ នៅថ្ងៃទី១ កញ្ញា ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយ បានចំនួន ២៣៣លើក មានអ្នកចូលរួម ១២ ៤០៤នាក់ មាន ២១រាជធានី ខេត្ត។ នៅថ្ងៃទី២ កញ្ញា ចំនួន ៣៥៤លើក មានអ្នកចូលរួម ១៥ ៤៣២នាក់ មាន ២២រាជធានីខេត្ត។ នៅថ្ងៃទី៣ កញ្ញា បានចំនួន ៣៩៦លើក មានអ្នកចូលរួម ១៣ ៤៩១នាក់ មាន ២២រាជធានី ខេត្ត។ នៅថ្ងៃទី៤ កញ្ញា បានចំនួន ៤១១លើក មានអ្នកចូលរួម ១៤ ០១៧នាក់។ នៅថ្ងៃទី៥ កញ្ញា បានចំនួន ៣៩៣លើក មានអ្នកចូលរួម ១៤ ១០៨នាក់ មាន ២៣រាជធានី ខេត្ត។ និងថ្ងៃទី៦ កញ្ញា បានចំនួន ៤៨៧លើក មានអ្នកចូលរួម ១៦ ០១៦នាក់ មាន ២២រាជធានី ខេត្ត និងថ្ងៃទី៧ កញ្ញា ផ្សព្វផ្សាយបានចំនួន ២៩០លើក មានអ្នកចូលរួម ១០ ២៩៨នាក់ មាន ២២រាជធានី ខេត្ត។

ដោយឡែកចំពោះបញ្ហានយោបាយវិញ លោកបណ្ឌិត ទូច សុឃ: (សុខ:) បានឱ្យដឹងថា ដើមសប្ដាហ៍កន្លងទៅនេះ សភាពការណ៍ស្ងប់ស្ងាត់ គ្មានអ្វីគួរឱ្យកត់សម្គាល់នោះទេ ស្របពេលដែលក្រសួងមហាផៃ្ទ ក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចេញសេចក្តីប្រកាសបដិសេធ និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះក្រុមជ្រុលនិយមក្រៅប្រទេសមួយក្តាប់តូច ដែលប៉ុនប៉ងបំបែកបំបាក់ និងផ្តួលរំលំរាជរដ្ឋាភិបាល។ ស្របគ្នានេះដែរ ក្រសួងមហាផៃ្ទ ដែលដើរតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាល ក៏បានដាក់ចេញគោលការណ៍សំខាន់ៗ ដើម្បីទប់ស្កាត់បង្ការ និងការពារនូវសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល មិនឱ្យមានបាតុភូតអ្វីកើតឡើងជាដាច់ខាត។

ក្នុងន័យបន្តរក្សាសុខសន្តិភាពក្រោមមគ្គទេសក៍របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ រូបនេះ ក៏បានអំពាវនាវដល់សាធារណជន ទាំងក្នុងនិងក្រៅប្រទេស មេត្តាកុំជឿលង់លើឧបាយកលដ៏ខ្មៅងងឹតរបស់ជនអគតិ ដែលតែងតែព្យាយាមអូសទាញដោយប្រើរូបភាពផ្សេងៗ ក្នុងចេតនាទុច្ចរិត និងមិនចង់ឱ្យប្រទេសរបស់យើងបានសុខចម្រើន។

ចំពោះគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព គឺស្របទៅនឹងទិសដៅអាទិភាពទាំង៦ ដែលឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញកាលពីដើមអាណត្តិទី៧ នេះ ក្រោមគោលការណ៍ «សម្អាតផ្ទះយើង» របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងទស្សនៈរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ៕ អត្ថបទ ៖ លោក សេង បូលីន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

You might like

Leave a Reply

Your email address will not be published. Required fields are marked *