ខេត្តប៉ៃលិន៖ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អមដំណើរដោយលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខមន្ត្រីរាជការ នៃមន្ទីរមុខងារសាធារណៈខេត្តប៉ៃលិន។
នាឱកាសសំណេះសំណាលនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍រម្លឹកឡើងវិញ នូវចំណុចជាច្រើន ដែលជាការងារស្នូលរបស់ក្រសួងមុខងារសាធារណៈ និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ សំដៅដល់ការត្រៀមខ្លួនជាបន្តបន្ទាប់ ដើម្បីអនុវត្តការងារឆ្ពោះទៅមុខ ជាពិសេសក្នុងអាណត្តិនេះ មានច្រើន ហើយប្រតិបត្តិករទាំងអស់ច្បាស់ជាហត់នឿយ តែការហត់នឿយទាំងអស់នេះហើយ ដែលបង្ហាញពីឧត្តមភាពមន្ត្រីរាជការរបស់យើងទាំងអស់គ្នា ក្នុងការរក្សាទុកកេរតំណែល ដ៏ប្រពៃដល់អ្នកជំនាន់ក្រោយនោះគឺ មានប្រព័ន្ធរដ្ឋបាលសាធារណៈ ដែលរឹងមាំ ខ្លាំង ស្អាតស្អំ វៃឆ្លាត ហើយកាន់តែទំនើប។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា៖ ការងារកែទម្រង់មិនមែនជាភាសាថ្មីនោះទេ អ្វីដែលថ្មី គឺយើងបន្តឆន្ទៈ ចូលរួមរែកពន់ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យនៃការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសអនុលោមតាមគោលការណ៍ដែលសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែលើកឡើងជាបន្តបន្ទាប់គឺ «ការរៀបចំផ្ទះរបស់យើងឱ្យស្អាត និងមានរបៀបរៀបរយ»។
ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរមុខងារសាធារណៈខេត្តប៉ៃលិនទាំងអស់ ដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ឈានទៅសម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ជាពិសេសការចូលរួមការងារកែទម្រង់រដ្ឋបាលសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អណត្តិទី៧។
សូមបញ្ជាក់ថា៖ បច្ចុប្បន្នមន្ទីរមុខងារសាធារណៈខេត្តប៉ៃលិន មានទីតាំងស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានមន្ត្រីរាជការស៊ីវិល សរុបចំនួន ១៦នាក់ ស្រី ០៦នាក់ និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន ០៤នាក់ ស្រី ០៣នាក់ ៕ដោយ លោក ស សារឿន