ប្រភពរាយការណ៍ថា សព្វថ្ងៃនេះទំនិញគេចពន្ធកំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេង តាមច្រករបៀងធ្លកថ្មី ក្នុងឃុំត្នោតស្រុកកំពុងរោទិ៍ ខេត្តស្វាយរៀង។ រថយន្ត ធំៗកំពុងបំផ្លាញផ្លូវក្នុងសហគមន៍នៃស្រុកកំពង់រោទិ៍ក្រោមការគ្រប់គ្រងរបស់ពួកមន្ត្រីគយ ដោយមិនខ្វល់អំពីបញ្ហាទំនិញគេចពន្ធនេះឡើយ។
លោកហេង សំបូរប្រធានសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង ក្នុងនាមជាមន្ត្រីជំនាញ ដែលបណ្តែតបណ្តោយ អោយទំនិញគេចពន្ធហូរចូលតាមច្រករបៀងខាងលើនេះ ក្នុងនាមអស់លោកជាមន្ត្រី តើគួរតែទទួលប័ណ្ណសរសើរឬមួយក៏យ៉ាងណា?
ថ្មីៗនេះគេសង្កេតឃើញ រថយន្តធុនធំខ្នាតយក្សប្រភេទវ៉េអង១គ្រឿង ដឹកទំនិញធ្ងន់ខ្ពស់មកប់ពពក បម្រុងឆ្លងដែនចូលទៅប្រទេសវៀតណាម សង្ស័យជាទំនិញគេចពន្ធ មកដល់កណ្តាលផ្លូវស្រាប់តែក្រឡាប់ផ្ងារជើងច្រងាង នៅវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវលំស្ថិតក្នុងភូមិព្រៃរបឹស ឃុំត្នោត ស្រុកកំពង់រោទិ៍ខេត្ត ស្វាយរៀង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តក្រឡាប់នេះប្រភេទវ៉េអង ពាក់ស្លាកលេខ កំពង់ស្ពឺ 3A- 0499 ដឹក ទំនិញខ្ពស់កប់ពពក លុះដល់ចំណុចកើត ហេតុខាងលើ ក៏ក្រឡាប់ផ្ងារជើង តែមិនបង្កឲ្យគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវទេអ្នកភូមិជិតនោះខ្សឹប ខ្សៀវថាទំនិញទាំងចេញនិងចូលតាមច្រករបៀងខាងលើគឺជាទំនិញភាគច្រើនគេចពន្ធ។
ប្រភពបន្តទៀតថា ប៉ុន្មានខែចុងក្រោយនេះ គេឃើញរថយន្តយីឌុបធុនធំៗ ប្រភេទវ៉េអង ដឹកទំនិញលើសទម្ងន់ ផ្ទុក ទំនិញចាប់ពី៤០ទៅ៥០តោន ធ្វើចរាចរណ៍លើផ្លូវកៅស៊ូ ឆ្លងកាត់ឃុំចំនួន៤ គឺចេញពីផ្លូវជាតិលេខ១ ចំណុចភូមិដើមពោធិ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ឆ្លងកាត់ឃុំខ្សែត្រ ឃុំសំឡី ឆ្ពោះទៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ បង្កឲ្យបាក់ស្រុតផ្លូវក្រាលកៅស៊ូជាច្រើនកន្លែង ហើយបន្តទៅតាមផ្លូវលំជនបទ ឆ្លងកាត់ភូមិព្រៃរបឺស និងភូមិធ្លកថ្មី បង្កឲ្យបាក់ស្រុតផ្លូវក្លាយជារណ្តៅសំបុកមាន់ ពិបាកធ្វើដំណើរយ៉ាងខ្លាំងដោយសារតែរថយន្តធុនយក្សទាំងនេះបំផ្លាញ។
រថយន្តដឹកទំនិញទាំងនេះធ្វើចរាចរណ៍រាល់ថ្ងៃ ក្នុង១ថ្ងៃៗចាប់ពី៣ គ្រឿងទៅ៥គ្រឿង, ថ្ងៃខ្លះ១០គ្រឿង ហើយរថយន្តដឹកទំនិញទៅផ្ទេរ នៅលើផ្លូវលំជិតព្រំដែនត្រង់ចំណុចប៉ុស្តិ៍ច្រករបៀងធ្លកថ្មីស្ថិតនៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
រថយន្តវៀតណាមបានឆ្លងដែន ចូលមកក្នុងដីខ្មែដើម្បីផ្ទេរទំនិញនៅក្នុងដី ខ្មែរពេលថ្ងៃរហូតដល់វេលាម៉ោងជិត៧យប់ទើបដឹកចូលទៅប្រទេសវៀតណាម ដោយគ្មានសមត្ថកិច្ចជំនាញណាមករំខានឡើយ។
ប្រភពប្រាប់ថា នៅចំណុចច្រករបៀងធ្លកថ្មីនេះ ឈ្មួញវៀតណាមតែងតែយករថយន្ត ឆ្លងដែនចូលមកដីខ្មែររៀងរាល់ថ្ងៃ រង់ចាំឈ្មួញខ្មែរដឹកទំនិញមកផ្ទេរទំនិញដាក់រថយន្តវៀតណាមដឹកឆ្លងដែនទៅប្រទេសវៀតណាម។
ទំនិញរួមមាន ស្ករ.ស គ្រឿងអេឡិចត្រនិច បារីស៊ែត, ក្រណាត់គីប និងសំលៀកបំពាក់ ដែលគេសង្ស័យជាទំនិញគេចពន្ធ ដោយមិនឃើញមានសមត្ថកិច្ចជំនាញណាមកក្បែរទេ សង្ស័យត្រូវថ្នាំសណ្ដំឈ្មួញអស់ហើយមើលទៅ។
ប្រជាពលរដ្ឋនៅតំបន់នោះប្រាប់ថា មិនមានការត្រួតពិនិត្យពីសមត្ថកិច្ចជំនាញថា តើទំនិញនោះជាប្រភេទអ្វីឲ្យច្បាស់លាស់ឡើយ មន្ត្រីនៅតំបន់នោះនិយាយថាឈ្មួញទាក់ទងជាមួយមេគយខេត្តស្វាយរៀងរួចហើយ ដូច្នេះមិនបាច់ត្រួតពិនិត្យអ្វីទេ។
ប្រជាពលរដ្ឋនៅតំបន់នោះ ក៏ដូចជាសមត្ថកិច្ចមួយចំនួនរិះគន់អាជ្ញាធរមានសមត្ថកិច្ចថា បើកដៃឲ្យឈ្មួញប្រើ ប្រាស់រថយន្តដឹកទំនិញធុនធំប្រភេទវ៉េអងចំណុះចាប់នពី៤០ទៅ៥០តោន ធ្វើចរាចរណ៍នៅលើផ្លូវក្រាលកៅស៊ូ ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន ជាចំណងដៃជូនប្រជាពលរដ្ឋស្រុកកំពង់រោទិ៍ ធ្វើដំណើរនិងផ្លូវលំដែលរាជរដ្ឋាភិបាលស្ថាបនាឡើងជូនប្រជាពលរដ្ឋ ធ្វើដំណើរ ជាពិសេស មន្ត្រីសោធននិវត្សន៍ ធ្វើដំណើរទៅទីតាំងផ្ទះ១០០ខ្នង ដែលរាជរដ្ឋាភិបាលបានសាងសង់ជូនមន្ត្រីសោធននិវត្សន៍នៅតាមបណ្តោយព្រំដែន ភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ និងភូមិតែងម៉ៅ ឃុំចន្ទ្រា ស្រុកចន្ទ្រា បច្ចុប្បន្នបង្កឲ្យបាក់ស្រុតផ្លូវថ្នល់ខូចក្រហេង ក្រហូងក្លាយជាសំបុកមាន់ជាបណ្តើរៗហើយ បើគ្មានការទប់ស្កាត់ទេ គឺផ្លូវថ្នល់ត្រូវខូចអស់ជាមិនខាន។
អង្គភាពអ្នកសារព័ត៌មាន ស៊ីអេចអ សង្ឃឹមថា ឯកឧត្តមបណ្ឌិត អូនព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសូមមេត្តាចាត់មន្ត្រីក្រោមឱវាទត្រួតពិនិត្យនៅក្នុងករណីនេះដោយក្តីអនុគ្រោះ។
នៅក្នុងករណីនេះដែរអង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ឱមយ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយសូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនៅក្នុងករណីនេះដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានគេហទំព័រប្រម៉ាញ់ជាយដែន ធីវី យើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។