ព្រៃវែង៖ ថ្លែងក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ខេត្តព្រៃវែង ឆ្នាំ២០២៤ នៅទីលានកីឡដ្ឋានមន្ទីរអប់រំ យុវជន និងកីឡខេត្តព្រៃវែង រៀបចំដោយក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តព្រៃវែង នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរំលេចនូវពាក្យមួយឃ្លាថា “កីឡារស់នៅក្នុងសន្តិភាព” ដកស្រង់ចេញពីចម្រៀងមួយបទ ដែលពាក្យមួយឃ្លានេះធ្វើឱ្យសាធារណជន ងាយស្រួលអាន នឹងងាយស្រួលចាំ ប៉ុន្តែអាចពិបាកយល់បន្តិច។
ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា កីឡារស់ក្នុងសន្តិភាព គឺជាការខិតខំប្រឹងប្រែងរបស់ប្រមុខថ្នាក់ដឹកនាំ តាំងពីអាណត្តិមុន រហូតមកដល់បច្ចុប្បន្ន ជាពិសេសក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឱ្យវិស័យកីឡាកាន់រីកលូតលាស់ មានឈ្មោះបោះសំលេង ទាំងលើឆាកជាតិ និងអន្តរជាតិ ជាក់ស្តែងថ្ងៃនេះជាព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់ខេត្តព្រៃវែង ដែលមានការប្រមូលផ្ដុំយុវជន សិស្សានុសិស្ស ព្រមទាំងមហាជន បានចូលរួមលើកទឹកចិត្តសាទរចំពោះលទ្ធផល និងជោគជ័យដែលទទួលបាន នេះ គឺជាការបង្ហាញនូវសាមគ្គីភាពដ៏រឹងមាំមួយ របស់យើងទាំងអស់គ្នា ដែលរស់ក្រោមដំបូលនៃសុខសន្តិភាព។
ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានលើកឡើងពីក្រុមជ្រុលនិយមមួយក្តាប់តូច ដែលប៉ុនប៉ងញុះញង់បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង និងព្យាយាមបង្កើតព្រឹត្តិការណ៍បដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ប៉ុន្តែគម្រោងនោះ ត្រូវបានបរាជ័យ ដោយសារការទប់ស្កាត់បានទាន់ពេលវេលាពីប្រមុខថ្នាក់ដឹកនាំ ដាក់ចេញវិធានការ ការពារឱ្យបាននូវសុខសន្តិភាព ជូនប្រជាពលរដ្ឋ មិនឱ្យជនណាម្នាក់មកបំផ្លាញបានឡើយ។
ប្រមុខក្រសួងមហាផៃ្ទកម្ពុជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅមូលដ្ឋានខេត្តព្រៃវែង សូមកុំជឿលើឧបាយកលរបស់ក្រុមជ្រុលនិយមទាំងនោះ ព្រោះពួកគេ មិនបានយកជាតិជាធំទេ។ ផ្ទុយទៅវិញគឺជាការបំផ្លាញនូវសុខសន្តិភាពរបស់កម្ពុជាទាំងស្រុង។ ដូច្នេះសូមបងប្អូនមានការថ្លឹងថ្លែងឱ្យបានច្បាស់ មុននឹងជឿទៅលើអ្វីមួយ និងសូមផ្ដល់ការជឿទុកចិត្តមកលើរាជរដ្ឋាភិបាល។ ជាមួយគ្នានោះឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះគណៈបញ្ជាការឯកភាពរាជធានី ខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានសហការយ៉ាងយកចិត្តទុកដាក់ខ្ពស់ក្នុងរយៈពេលជិតមួយខែមកនេះ លះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីការពារពីការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។
វេទិកាអធិបតី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្តែងនូវការអបអសាទរចំពោះក្រុមកីឡាបាល់ទាត់វិទ្យាល័យអង្គរឌួង ដែលទទួលបានជ័យលាភី ក្នុងការប្រកួតយ៉ាងស្វិតស្វាញតាំងពីវគ្គដំបូង រហូតដល់វគ្គផ្ដាច់ព្រ័ត្រ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានអំណរគុណដល់ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង គណៈកម្មការរៀបចំការប្រកួត អាជ្ញាកណ្ដាល គណៈគ្រប់គ្រងសាលា គ្រូបង្វឹក និងកីឡាករ ព្រមទាំងអ្នកគាំទ្រទាំងអស់ ដែលបានរៀបចំធ្វើឱ្យមានការប្រកួតនេះឡើង បញ្ចប់ទៅប្រកបដោយផ្លែផ្កា គួរជាទីមោទនៈសម្រាប់ខេត្តព្រៃវែង៕