ប៉ៃលិន៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើរបបជីវភាពសម្រាប់ជនជាប់ឃុំ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ របស់ពន្ធនាគារខេត្តប៉ៃលិន។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ ការងារគ្រប់គ្រងពន្ធនាគារ គឺជាភារកិច្ចមួយដ៏មានសារៈសំខាន់ស្មុគ្រស្មាញ និង ប្រទាក់ក្រឡាគ្នា ដែលទាមទារឲ្យមន្ដ្រីត្រូវយកចិត្តទុកដាក់ គិតគូរយ៉ាងហ្មត់ចត់ និង រៀបចំកែសម្រួលបត់បែនជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងទំហំការងារជាក់ស្ដែងផង និង ស្របតាមដំណាក់កាលវិវត្តប្រែប្រួលរីកចម្រើនរបស់សង្គមជាតិផងដែរ ពីព្រោះការវិវត្តប្រែប្រួលនៃសង្គមជាតិពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងការពង្រឹងវិធានការច្បាប់ជាបន្តបន្ទាប់ បង្កើតឲ្យមានបញ្ហាប្រឈមនានា ទាំងការងារគ្រប់គ្រងនៅអង្គភាពប្រតិបត្តិការផ្ទាល់ពន្ធនាគារ ក៏ដូចជានៅថ្នាក់កណ្ដាល ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍ណែនាំ និងដាក់វិធានការមួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្ត គ្រប់ថ្នាក់គ្រប់ផ្នែក ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងមន្ត្រី ដើម្បីធានាប្រសិទ្ធិភាពការងារ ធ្វើយ៉ាងណាលុបបំបាត់នូវបាតុភាពមិនប្រក្រតី ភាពអសកម្មទាំងឡាយដែលនៅសេសសល់ និង ត្រូវខិតខំរៀនសូត្រ បង្កើនចំណេះដឹងទូទៅ និង សិក្សាស្វែងយល់បន្ថែមទៀត ពីច្បាប់ស្តីពីពន្ធនាគារ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌ នីតិវិធីពន្ធនាគារ បទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងលិខិតបទដ្ឋានផ្សេងៗទៀតពាក់ព័ន្ធការងារពន្ធនាគារ ជាពិសេសគ្រប់ថ្នាក់ត្រូវអនុវត្តការងារដឹកនាំ គ្រប់គ្រងឲ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ ទៅតាមឋានានុក្រម តាមតួនាទីភារកិច្ចដែលបានបែងចែក និងតាមដានត្រួតពិនិត្យរាល់ការអនុវត្តតួនាទី ភារកិច្ចរបស់មន្ត្រីក្រោមឱវាទជាប្រចាំ ព្រមទាំងបញ្ចេញជនជាប់ឃុំ ឲ្យធ្វើពលកម្ម ឬការងារផ្សេងទៀតនៅក្រៅអគារឃុំឃាំង ត្រូវជ្រើសរើសយកជនជាប់ឃុំដែលមានកម្រិតសន្តិសុខទាប ឬជនជាប់ឃុំដែលមានកែប្រែខ្លួនបានល្អ ដោយផ្អែកលើការវាយតម្លៃរបស់គណៈកម្មការធ្វើចំណាត់ថ្នាក់សន្តិសុខជនជាប់ឃុំ។
នៅក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ក្រើនរំលឹក ដល់ថ្នាក់ដឹកនាំ មន្ត្រីគ្រប់ផ្នែក គ្រប់ជំនាញ នៃអង្គភាពពន្ធនាគារខេត្ត ត្រូវតែបង្កើនការប្រុងប្រយ័ត្នទ្វេរដង ពីព្រោះអ្នកជាប់ទោសមានមុខសញ្ញា បទស្មើសគ្រប់ប្រភេទ មិនត្រូវមើលស្រាលនោះឡើយ ហើយបើមានករណីអ្វីកើតឡើងនោះ គឺនាំឲ្យបាត់បង់គុណតម្លៃរបស់មន្ត្រី ហេតុនេះត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាប្រុងប្រយ័ត្នជាប់ជាប្រចាំ។
សូមបញ្ជាក់ថា៖ បច្ចុប្បន្ន ពន្ធនាគារខេត្តប៉ៃលិន ជនជាប់ឃុំរួមចំនួន ៦២១ នាក់ ស្ត្រី ២៤ នាក់ ក្នុងនោះជនត្រូវចោទ ចំនួន ៧៦ នាក់ ស្រ្តី ០៥ នាក់, ជនជាប់ចោទ ចំនួន ៨៨ នាក់ ស្ត្រី ០២ នាក់, ពិរុទ្ធជន ចំនួន ៨៩ នាក់ ស្ត្រី ០៦ នាក់ និងទណ្ឌិត ចំនួន ៣៦៨ នាក់ ស្ត្រី ១១ នាក់ផងដែរ៕ដោយ លោក ស សារឿន