ខេត្តប៉ៃលិន៖ លោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន ក្នុងនាមរដ្ឋបាលខេត្តប៉ៃលិន បានសហការជាមួយរដ្ឋករស្វាយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង នៃរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការដឹកជញ្ជូនសិស្ស និស្សិត កម្មករ កម្មការិនី និងពលរដ្ឋទូទៅ ជាង ១ពាន់នាក់ អាចធ្វើដំណើរទាំងទៅ ទាំងមក ដើម្បីជួបជុំគ្រួសារនៅស្រុកកំណើតដោយសុវត្ថិភាព ចំណេញពេលវេលា និងមិនចំណាយថវិកា នាឱកាសបុណ្ឌភ្ជុំបិណ្ឌ ដែលធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤។
លោក សោ សុវណ្ណ អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា ក្រោមការចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ បានប្រើប្រាស់រយៈពេល ០៦ថ្ងៃ ដើម្បីដឹកជញ្ជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្តាខេត្តភាគឦសាននៃប្រទេស ដោយចាប់ផ្តើមចេញដំណើរពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ខែតុលា ឆ្នាំ២០២៤ “ជិះមិនបង់ប្រាក់” ជាមួយនឹងការប្រើប្រាស់រថយន្តក្រុងចំនួន ៦៥៣គ្រឿង ក្នុងនោះសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ១០០គ្រឿង សម្រាប់តម្រាយផ្លូវរត់ក្នុងរាជធានីភ្នំពេញ និងសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តា ខេត្តត្រឡប់មករាជធានីភ្នំពេញវិញ (បណ្តាខេត្តនានា ក្រៅពីតំបន់ភូមិភាគឦសាន)៖ ប្រើប្រាស់រថយន្តក្រុង ចំនួន ៤៩៧គ្រឿង ហើយនិង សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរទៅស្រុកកំណើត និងទៅលេងកម្សាន្តនៅតំបន់ ភូមិភាគឦសាន (ខេត្តក្រចេះ, ស្ទឹងត្រែង, មណ្ឌលគិរី និងខេត្តរតនគិរី)៖ ប្រើប្រាស់រថយន្តក្រុងចំនួន ៥៦គ្រឿង។
បើតាមការបញ្ជាក់របស់ លោក សោ សុវណ្ណ សម្រាប់ខេត្តប៉ៃលិន រយៈពេល៦ថ្ងៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិខ្មែរ ដោយគិតពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ សរុបរួម រថយន្តក្រុងពីភ្នំពេញមកប៉ៃលិន មានចំនួន ២៨គ្រឿង មានមនុស្សជិះ ១,២៣៥ នាក់ ចំណែករថយន្តក្រុងពីប៉ៃលិនទៅភ្នំពេញវិញ មានចំនួន ២០គ្រឿង មនុស្សជិះចំនួន ៨៦០នាក់ ដោយឥតបង់ប្រាក់ និងបានផ្តល់ទឹកបរិសុទ្ធ ដល់បងប្អូនប្រជពលរដ្ឋដែលធ្វើដំណើតាមរថយន្តក្រុងទៀតផង៕ដោយ លោក ស សារឿន